ពីកសិករទៅទីផ្សារ៖ អេមស៍ ជួយតភ្ជាប់កសិករខេត្តបាត់ដំបង ៩០គ្រួសារ ជាមួយអ្នកទិញតាមកិច្ចសន្យា ១២ខែ
17-09-2026 17:23
(បាត់ដំបង)៖ កសិករខ្នាតតូចចំនួន ៩០គ្រួសារ នៅក្នុងខេត្តបាត់ដំបង ទទួលបានការតភ្ជាប់ និងធានាទីផ្សាររយៈពេល១ឆ្នាំ សម្រាប់ផលិតផលបន្លែសុវត្ថិភាព និងគ្រឿងទេស តាមរយៈវេទិកាសន្ទនា និងការតភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃ ក្រោមការគាំទ្ររបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)នៃក្រសួងពាណិជ្ជកម្ម។
ការតភ្ជាប់ទីផ្សារនេះ ត្រូវបានសម្របសម្រួលដោយក្រុមការងារគម្រោងអេមស៍ នៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដោយកសិករផលិតបានចុះកិច្ចសន្យាទិញលក់ជាមួយអ្នកប្រមូលទិញ និងកែច្នៃផលិតផលក្នុងស្រុក ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ តទៅ។
វេទិកាសន្ទនា និងការភ្ជាប់បណ្តាញតួអង្គទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព និងគ្រឿងទេសនេះ ត្រូវបានដឹកនាំដោយលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងជាប្រធានគ្រប់គ្រងគម្រោងអេមស៍ថ្នាក់ខេត្ត ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត កាលពីសប្តាហ៍កន្លងទៅ។
វេទិកានេះ មានការចូលរួមពី មន្ត្រីបង្គោល ទីប្រឹក្សាខ្សែច្រវាក់តម្លៃ និងវិនិយោគ តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), សហគ្រាសសង្គមល្អីបៃតង, ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម KS Seed និង East West Seed ឈ្មួញប្រមូលទិញ និងកែច្នៃក្នុងស្រុក អ្នកសម្របសម្រួលចង្កោមអាជីវកម្ម តំណាងចង្កោមអាជីវកម្ម សមាជិកក្រុមផលិតបន្លែសុវត្ថិភាព និងគ្រឿងទេស ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងៗទៀតសរុបចំនួន ២៨នាក់។
ជាលទ្ធផល វេទិកាសន្ទនានេះ បានឈានដល់ការព្រមព្រៀងចុះកិច្ចសន្យាទិញលក់ចំនួន ៨ រវាងក្រុមកសិករផលិតបន្លែសុវត្ថិភាព និងគ្រឿងទេស ជាមួយឈ្មួញប្រមូលទិញ និងកែច្នៃ ដោយកិច្ចសន្យាមានរយៈពេល ១២ខែ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦តទៅ។
ក្នុងនោះ ក្រុមកសិករផលិតគ្រឿងទេសចំនួន ៤០គ្រួសារ នៅស្រុកសំឡូត បវេល និងបាណន់ នឹងផ្គត់ផ្គង់គ្រឿងទេស រួមមានរមៀត និងស្លឹកគ្រៃសរុបចំនួន ២០០តោន ទៅកាន់ឈ្មួញប្រមូលទិញ និងកែច្នៃគ្រឿងទេសនៅផ្សារភួ ពុយ និងសហគ្រាសសង្គមល្អីបៃតង។
ជាមួយគ្នានេះ ក្រុមកសិករផលិតបន្លែសុវត្ថិភាពចំនួន ៥០គ្រួសារ នៅស្រុកបវេល ឯកភ្នំ និងរតនមណ្ឌល នឹងផ្គត់ផ្គង់បន្លែសុវត្ថិភាព រួមមានបន្លែផ្លែ បន្លែស្លឹក និងបន្លែមើម សរុបចំនួន ១៨០តោន ទៅកាន់ឈ្មួញប្រមូលទិញបន្លែនៅផ្សារភួពុយ និងសហគ្រាសសង្គមល្អីបៃតង។
ការចុះកិច្ចសន្យាទិញលក់នេះ ត្រូវបានចាត់ទុកថាជាយន្តការសំខាន់មួយក្នុងការពង្រឹងការតភ្ជាប់ទីផ្សារសម្រាប់កសិករខ្នាតតូច ដោយជួយឱ្យកសិករមានទីផ្សារដែលមានភាពជឿជាក់ និងមានទំនាក់ទំនងពាណិជ្ជកម្មច្បាស់លាស់ជាមួយអ្នកទិញ ខណៈអ្នកទិញក៏អាចទទួលបានប្រភពផ្គត់ផ្គង់ផលិតផលកសិកម្មដែលមានស្ថិរភាពជាងមុន។
តាមរយៈការតភ្ជាប់រវាងកសិករ អ្នកប្រមូលទិញ អ្នកកែច្នៃ អ្នកផ្គត់ផ្គង់ធាតុចូល និងតួអង្គពាក់ព័ន្ធផ្សេងៗ គម្រោងអេមស៍ និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង កំពុងរួមចំណែកពង្រឹងខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព និងគ្រឿងទេស ឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងប្រកបដោយចីរភាពនៅក្នុងខេត្តបាត់ដំបង។
ជាពិសេស ការធានាទីផ្សាររយៈពេល ១២ខែ នឹងផ្តល់ឱកាសឱ្យកសិករខ្នាតតូចអាចរៀបចំផែនការផលិតកម្មបានកាន់តែច្បាស់លាស់ កាត់បន្ថយហានិភ័យទីផ្សារ និងបង្កើនឱកាសទទួលបានចំណូលកាន់តែមានស្ថិរភាពពីផលិតផលកសិកម្មរបស់ខ្លួន៕















