ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំសមត្ថកិច្ចជំនាញពង្រឹងយកចិត្តទុកដាក់បង្ក្រាបផលិតផលក្លែងបន្លំ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ
17-09-2026 17:04
(តាកែវ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានណែនាំដល់សមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់បង្ក្រាបផលិតផលក្លែងបន្លំម៉ាក ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ចបានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រមាណ៨០០តោន លោកអភិសន្ដិបណ្ឌិត ស សុខា បានជំរុញដល់សមត្ថកិច្ចជំនាញ ត្រូវសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងឈានទៅបង្ក្រាបផលិតក្លែងបន្លំម៉ាក ដែលចរាចរនៅលើទីផ្សារ។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានទាញនូវការចាប់អារម្មណ៍ចំពោះផលិតផលមួយចំនួន ដែលងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដូចជា ផលិតផលគ្រឿងសម្អាង ឡេលាបស្បែក ខណៈបច្ចុប្បន្នអ្នកលក់ផលិតផលតាមអនឡាញកំពុងប្រើប្រាស់នូវយុទ្ធសាស្ដ្រទីផ្សារលាបឆាប់ស ទាំងដែលមិនដឹងច្បាស់ថា សារធាតុគីមីអ្វីខ្លះត្រូវបានចាក់បញ្ចូលក្នុងឡេនោះ។
បើតាមលោកអភិសន្ដិបណ្ឌិត ស សុខា, ចំពោះបារីក្លែងក្លាយម៉ាកត្រូវបានផ្សំឡើងពីសារធាតុញៀន តាមរយៈសំបកវិចខ្ចប់ ដែលធ្វើឲ្យអ្នកជក់ញៀន និងប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សុខភាព។ ម្យ៉ាងទៀត បារីក្លែងបន្លំម៉ាកនេះ ក៏ធ្វើឲ្យប៉ះពាល់មួយផ្នែកដល់ក្រុមហ៊ុនពិតប្រាកដ និងប៉ះពាល់ដល់ចំណូលរបស់រដ្ឋផងដែរ ដូច្នេះហើយសមត្ថកិច្ចជំនាញត្រូវតែបន្ដយកចិត្តទុកដាក់ការស្រាវជ្រាវបង្ក្រាប។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានបញ្ជាឲ្យសមត្ថកិច្ចនៅពេលបង្ក្រាបទីតាំងស្ដុក ឬលួចផលិតបារីក្លែងម៉ាកហើយ ត្រូវតែពន្លាយដែនសមត្ថកិច្ចទៅបទល្មើសប្រឆាំងការសម្អាតប្រាក់បន្ដទៀត ដើម្បីឈានទៅកាន់ផ្ដាច់ឫសគល់នេះបទល្មើសនេះផងដែរ។ មួយវិញទៀត ត្រូវរៀបចំបង្កើតកម្មវិធីផ្ដល់រង្វាន់លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរាយការណ៍មកសមត្ថកិច្ច ដើម្បីមានមូលដ្ឋានទៅបង្ក្រាបបទល្មើសនេះ។
សូមជម្រាបថា របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអានដោយលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធប្រមាណ៨០០តោន ដែលត្រូវដុតបំផ្លាញនេះ គឺជាលទ្ធផលនៃការបង្ក្រាបជាក់ស្តែង នៅទីតាំងរោងចក្រមួយកន្លែង និងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
នេះជាការដុតបំផ្លាញចោលនូវផលិតផលបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ទ្រង់ទ្រាយធំជាលើកទី២ បន្ទាប់ពីកម្មវិធីដុតបំផ្លាញលើកទី១ នូវបារីក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ ជាង៤០០តោន តាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពីអគ្គស្នងការនគរបាលជាតិ ដោយបានសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមគាំទ្រ សហការ ពីដៃគូសហប្រតិបត្តិការអន្តជាតិ ទីភ្នាក់ងារអនុវត្តច្បាប់ និងតំណាងក្រុមហ៊ុនម្ចាស់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ៕





















