FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានទូលំទូលាយ

17-09-2026 16:10

(សៀមរាប)៖ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានណែនាំ និងជំរុញដល់មន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីពេលវេលា ទីកន្លែង ឯកសារចាំបាច់ និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ធានាថាពួកគាត់ទទួលបានព័ត៌មានច្បាស់លាស់ជុំវិញដំណើរការបោះឆ្នោត។

ការថ្លែងយ៉ាងដូច្នេះរបស់លោក នឹម វ៉ាន់សំ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

លោកបានបន្តថា កិច្ចប្រជុំផ្សព្វផ្សាយនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងកិច្ចសហការ និងការទទួលខុសត្រូវ រវាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ល្អ។

លោកប្រធានលេខាធិការដ្ឋាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត សូមយកចិត្តទុកដាក់ និងអញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដើម្បីធានាការអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនស្របតាមច្បាប់។

លោក នឹម វ៉ាន់សំ បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំសង្កាត់ទូទាំងប្រទេស។ ហើយដំណើរការនេះ គឺមានគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញត្រឹមត្រូវ និងបច្ចុប្បន្នភាព។

លោក ចឹក គឹមជុន បានលើកឡើងថា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព មិនមែនជាភារកិច្ចរបស់ស្ថាប័ន ឬអង្គភាពណាមួយតែឯងនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អាជ្ញាធរដែនដី នគរបាលជាតិ កងរាជអាវុធហត្ថ និងភាគីពាក់ព័ន្ធ។ ក្នុងនោះដែរ ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងផែនការដែលបានកំណត់។

លោកក៏បានស្នើឱ្យអាជ្ញាធរក្រុងស្រុក និងកងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់រៀបចំផែនការការពារឱ្យបានច្បាស់លាស់ ជាពិសេសនៅតាមទីតាំងចុះឈ្មោះបោះឆ្នោត និងតំបន់ពាក់ព័ន្ធ ដោយបង្ការ និងទប់ស្កាត់រាល់សកម្មភាពដែលអាចបង្កឱ្យមានអសន្តិសុខ ការរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ ឬធ្វើឱ្យប៉ះពាល់ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ជាមួយនេះ លោកបញ្ជាក់ថា ត្រូវបង្កលក្ខណៈងាយស្រួល និងបរិយាកាសល្អ ដើម្បីឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតអាចអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងចុះឈ្មោះបោះឆ្នោតដោយសេរី សុវត្ថិភាពនិងគ្មានការភ័យខ្លាចឬការរំខានណាមួយផងដែរ៕