អាជ្ញាធរខេត្តកណ្ដាល បញ្ជាឲ្យរដ្ឋបាលស្រុកកៀនស្វាយ បិទការដ្ឋានសំណង់មួយកំពុងចាក់ខ្សាច់ចូលចំណីទន្លេ
17-09-2026 16:08
(កណ្ដាល)៖ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងជាអ្នកនាំពាក្យសាលាខេត្ត បានបញ្ជាឲ្យរដ្ឋបាលស្រុកកៀនស្វាយ ចុះបិទទីតាំងសំណង់មួយកន្លែងកំពុងចាក់ខ្សាច់ចូលទន្លេ។
ការដ្ឋាននេះមេឃុំគគីរធំ លោក ផន ណារ័ត្ន ថាមានច្បាប់ ហើយជាគម្រោងសាងសង់កំពង់ផែ។
លោក ឌឹម បូរ៉ា បានអះអាងមកកាន់អ្នកយកព័ត៌មាន Fresh News ថា ក្រោយទទួលបានព័ត៌មាន លោកបានប្រាប់ឲ្យរដ្ឋបាលស្រុកកៀនស្វាយដែលមានលោក ឡូវ សុខ សាន្ត ជាអភិបាលស្រុកទៅផ្អាកជាបន្ទាន់។
ចំពោះករណីនេះលោក ឡូវ សុខសាន្ត មិនអាចទាក់ទងបានឡើយ។ ដោយឡែកលោកមេឃុំគគីរធំ ឈ្មោះ ផន ណារ័ត្ន បាននិយាយថា ទីតាំងនេះមានច្បាប់ ហើយជាគម្រោងសង់កំពង់ផែសម្រាប់ឡើងប្រេងឥន្ធនៈ ប៉ុន្តែលោកមេឃុំមិនបានលម្អិតថាជាក្រុមហ៊ុនអ្វីឡើយ ហើយមានច្បាប់ដល់កម្រិតណានោះដែរ។
ដោយឡែកលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកខេត្តកណ្ដាល បានចាត់ឲ្យលោក កែ សាវី ក្រុមការងារចុះពិនិត្យករណីនេះ ដែលជាលទ្ធផលលោក កែ សាវី ក៏បានឆ្លើយថា ទីតាំងនេះមានច្បាប់ផងដែរ ហើយរុញឲ្យសួរខាងរ៉ែ ងថាមពលខេត្ត ដោយនិយាយថា ការងារនេះខាងរ៉ែ និងថាមពល ទើបច្បាស់ជាង។
ចំពោះករណីនេះលោក ប៉ុន ប៉ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្ដាល បានឆ្លើយថា ខ្លួនពុំបានដឹងរឿងនេះទេ។
សូមជម្រាបថា ពលរដ្ឋបានរាយការណ៍មកថា គេឃើញក្រុមសាឡង់ដឹកខ្សាច់ បានសម្រុកចាក់ខ្សាច់ទាំងយប់ទាំងថ្ងៃ មកកាន់ទីតាំងដីចំណីទន្លេមួយកន្លែងដែលជារបស់អ្នកមានលុយម្នាក់ដែលស្ថិតនៅភូមិពោធិ៍មៀវ ឃុំគគីរឃុំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានរយៈពេលជាង១សប្ដាហ៍មកហើយ ទើបខាងខេត្តសម្រេចឲ្យបិទវិញ៕




