មន្ត្រីចូលនិវត្តន៍នៅស្រុកបាភ្នំ បង្កើតកសិដ្ឋានចិញ្ចឹមមាន់ផ្គត់ផ្គង់សាច់ស្រស់ ៣០០គីឡូក្រាម ក្នុងមួយថ្ងៃ (Video inside)
17-09-2026 15:25
(ព្រៃវែង)៖ លោក ពូ គឹម ថាយ ដែលជាមន្ត្រីរាជការចូលនិវត្តន៍មួយរូប បានសម្រេចចិត្តបង្កើតកសិដ្ឋានចិញ្ចឹមមាន់យកសាច់ផ្ទាល់ខ្លួន ស្ថិតនៅឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បច្ចុប្បន្នកសិដ្ឋានរបស់លោកពូ គឹម ថាយ អាចធានាបាននូវការផ្គត់ផ្គង់មាន់សាច់ស្រស់ៗ ដល់ទីផ្សារក្នុងកម្រិតថេរប្រមាណ ៣០០គីឡូក្រាមក្នុងមួយថ្ងៃ។ ការផ្គត់ផ្គង់នេះ ឆ្លើយតបទៅនឹងតម្រូវការបរិភោគសាច់មាន់ ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់នៅក្នុងមូលដ្ឋាន ក៏ដូចជារួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុក។
តាមរយៈកសិដ្ឋានខ្នាតល្មមនេះ លោកពូមិនត្រឹមតែបង្កើតប្រភពចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយស្រូបយកកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការងារធ្វើដោយមិនបាច់ចំណាក ស្រុកទៅរកការងារឆ្ងាយផងដែរ។ នេះបង្ហាញពីគំរូដ៏ល្អមួយនៃស្មារតីសហគ្រិនភាពរបស់អ្នកចូលនិវត្តន៍ ក្នុងការបន្តចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។
ម្ចាស់កសិដ្ឋានរូបនេះ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយគាំទ្រដល់ផលិតផលក្នុងស្រុក ដោយងាកមកប្រើប្រាស់សាច់មាន់ដែលចិញ្ចឹមដោយកសិករខ្មែរផ្ទាល់ ដែលធានាបាននូវភាពស្រស់ស្អាត អនាម័យ និងគុណភាពល្អប្រសើរ។ ការគាំទ្រផលិតផលក្នុងស្រុក គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាកសិករ៕











