FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន

17-09-2026 15:06

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលប៉ុនប៉ងបំផ្លាញទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះកើតឡើងបន្ទាប់ពីមានការរីករាលដាលនៃព័ត៌មានចចាមអារ៉ាមតាមបណ្តាញអ៉ីនធឺណិត ដែលបានចោទប្រកាន់ថា ទំនាក់ទំនងចិន-កម្ពុជាកំពុង «ធ្លាក់ចុះ» និងគម្រោងកិច្ចសហប្រតិបត្តិការនានាត្រូវបាន «រារាំង»

លោក ជាង ណាន (JIANG NAN) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បច្ចុប្បន្ន បដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដំណាក់កាលថ្មីកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បច្ចេកវិទ្យាព័ត៌មានបាននាំមកនូវកាលានុវត្តភាពមិនធ្លាប់មានពីមុនមក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសទាំងអស់។

អគ្គទីប្រឹក្សានៃស្ថានទូតចិន ប្រចាំកម្ពុជា បានបន្ថែមថា ម៉្យាងវិញទៀត ព័ត៌មានក្លែងក្លាយជាច្រើនកំពុងរាលដាលយ៉ាងរហ័សតាមរយៈបណ្តាញសង្គម និងបច្ចេកវិទ្យាថ្មីៗ ដោយឆ្លងកាត់ព្រំដែនប្រទេស និងរបាំងភាសា ដែលបង្កឱ្យមានការយល់ច្រឡំដល់សាធារណជន បំផ្លាញទំនុកចិត្តសង្គម និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទៀតផង។ នេះបានក្លាយជាបញ្ហាប្រឈមរួមសម្រាប់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសក្នុងតំបន់ឡានឆាង-មេគង្គផងដែរ។

លោក ជាង ណាន បានគូសបញ្ជាក់ថា៖ «ស្ថានទូតចិនប្រចាំនៅកម្ពុជាក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ។ នាពេលកន្លងមក មានព័ត៌មានចចាមអារ៉ាមតាមបណ្តាញអ៉ីនធឺណិត ដែលចោទប្រកាន់ថា ទំនាក់ទំនងចិន-កម្ពុជាកំពុង «ធ្លាក់ចុះ» ហើយគម្រោងកិច្ចសហប្រតិបត្តិការនានាត្រូវបាន «រារាំង»

ជាមួយគ្នានេះដែរ​ លោកបានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក៏បានស្រង់សម្តីរបស់មន្ត្រីចិន និងកម្ពុជា ដោយកាត់ត ឬបកស្រាយខុសពីបរិបទដើម។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ស្ថានទូតបានបង្កើតសសរស្តម្ភពិសេសមួយក្រោមប្រធានបទ «ព័ត៌មានចចាមអារ៉ាម និងការពិតអំពីទំនាក់ទំនងចិន-កម្ពុជា» ដើម្បីជួយសាធារណជនឱ្យបែងចែករវាងការពិត និងការប្រឌិត។ ស្ថានទូតក៏បានប្រើប្រាស់គណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនជាទៀងទាត់ ដើម្បីបកស្រាយ និងបដិសេធព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងប្រទេសចិន និងទំនាក់ទំនងចិន-កម្ពុជា។

«យើងជឿជាក់យ៉ាងមុតមាំថា ដរាបណាយើងសហការគ្នា យើងនឹងអាចបង្រួមលំហនៃការរីករាលដាលព័ត៌មានក្លែងក្លាយ និងរក្សាបាននូវបរិយាកាសល្អប្រសើរ សម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងកម្ពុជា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់មន្ត្រីស្ថានទូតចិន ប្រចាំកម្ពុជា។

ត្រង់ចំណុចនេះ លោក ជាង ណាន បានបញ្ជាក់ថា ផ្អែកលើបរិបទនេះ ប្រទេសចិន បានគាំទ្រយ៉ាងសកម្មដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ចាប់ពីដំណាក់កាលទី១ ដល់ដំណាក់កាលទី២ រហូតដល់សកម្មភាពបន្តនៃដំណាក់កាលទី២ ក្រសួងព័ត៌មានកម្ពុជាបានរៀបចំការផ្លាស់ប្តូរព័ត៌មាន ការពិភាក្សាជាមួយអ្នកជំនាញ សកម្មភាពបញ្ជ្រាបការយល់ដឹងដល់សាធារណជន និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ដែលជួយដល់អង្គភាពសារព័ត៌មានវិជ្ជាជីវៈ និងអ្នកបង្កើតមាតិកាក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការពិត លើកកម្ពស់សមត្ថភាពសាធារណជនក្នុងការបែងចែកព័ត៌មានក្លែងក្លាយ ព្រមទាំងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសឡានឆាង-មេគង្គ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

លោក ជាង ណាន បានបង្ហាញក្តីរំភើបថា៖ «យើងខ្ញុំរីករាយដែលបានឃើញថា «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» កំពុងក្លាយជាការយល់ឃើញរួមយ៉ាងទូលំទូលាយនៅក្នុងសង្គមកម្ពុជា ហើយត្រូវបានប្រែក្លាយទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែងទូទាំងតំបន់ឡានឆាង-មេគង្គ»

លោក ជាង ណាន បានឱ្យដឹងថា នៅឆ្នាំ២០២៦នេះគឺជាខួបមួយឆ្នាំ នៃសំណើគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់ប្រធានាធិបតី ស៊ី ជិនពីង ដែលអំពាវនាវឱ្យផ្តល់អាទិភាពដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាក្នុងវិស័យដែលតម្រូវឱ្យមានអភិបាលកិច្ចជាបន្ទាន់ និងមានការខ្វះខាតអភិបាលកិច្ចខ្លាំង ដូចជាបញ្ញាសិប្បនិម្មិត (AI) និងលំហអ៉ីនធឺណិត ជាដើម ដោយផ្តោតលើការកសាងការយល់ឃើញរួម សម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែង និងទទួលបានផ្លែផ្កានាដំណាក់កាលដំបូង។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែន និងឆ្លងវិស័យ ដូចជាការរាលដាលនៃព័ត៌មានក្លែងក្លាយ ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការបន្តធ្វើការរួមគ្នាជាមួយបណ្តាប្រទេសមេគង្គ ដើម្បីពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព ព្រមទាំងកែលម្អយន្តការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបង្កើតបរិយាកាសវិជ្ជមាន និងល្អប្រសើរសម្រាប់កសាងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសឡានឆាង-មេគង្គ ព្រមទាំងរួមចំណែកកាន់តែធំធេងពីតំបន់ឡានឆាង-មេគង្គ ក្នុងការកែលម្អអភិបាលកិច្ចសកល។

គួរឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មានកម្ពុជា បានធ្វើជាម្ចាស់ផ្ទះបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ៕