FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ អប់រំណែនាំអ្នកបើកបរម៉ូតូកង់បី ឲ្យចៀសវាងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីសុវត្ថិភាពសាធារណៈ

17-09-2026 15:00

(ព្រះសីហនុ)៖ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះអប់រំណែនាំដល់បងប្អូនជាអ្នកបើកបរម៉ូតូកង់បីមួយក្រុម ដែលបានជួបជុំគ្នាពិសារគ្រឿងស្រវឹងនៅតាមទីសាធារណៈ រួចបន្តបើកបរដឹកជញ្ជូនភ្ញៀវ។

ការចុះអប់រំណែនាំនេះ ធ្វើឡើងក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងរបៀបរៀបរយតាមដងផ្លូវសាធារណៈ ព្រមទាំងចៀសវាងនូវបាតុភាពអវិជ្ជមានផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់។ គ្រឿងស្រវឹងធ្វើឱ្យកាត់បន្ថយស្មារតី ការចងចាំ និងល្បឿនក្នុងការសម្រេចចិត្ត ដែលជាមូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ ផលប៉ះពាល់មិនត្រឹមតែលើអ្នកបើកបរផ្ទាល់ទេ ថែមទាំងប៉ះពាល់ដល់អនាគតគ្រួសារ ព្រោះអ្នកដែលរងទុក្ខវេទនាមុនគេ គឺប្រពន្ធ កូន និងឪពុកម្តាយដែលរង់ចាំនៅផ្ទះ។

លើសពីនេះ ទង្វើបែបនេះអាចបាត់បង់ទំនុកចិត្តពីអតិថិជន ដោយសារការបើកបរទាំងធំក្លិនស្រវឹង ធ្វើឱ្យភ្ញៀវមានអារម្មណ៍ភ័យខ្លាច បាត់បង់ទំនុកចិត្ត និងអាចរាយការណ៍ទៅកាន់ក្រុមហ៊ុន ឬសមត្ថកិច្ច។ ជាមួយគ្នានេះ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវប្រឈមមុខនឹងច្បាប់ ដោយអាចទទួលការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ ដកពិន្ទុប័ណ្ណបើកបរ ឬអាចប្រឈមនឹងទោសទណ្ឌតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
នគរបាលចរាចរណ៍បានសំណូមពរដល់បងប្អូនអ្នកបើកបរអាជីវកម្មដឹកជញ្ជូនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសវាងការពិសាគ្រឿងស្រវឹងនៅទីសាធារណៈ ឬអំឡុងពេលបំពេញភារកិច្ច ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕