FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះពិនិត្យវឌ្ឍនភាពការកសាងអង្គភាពនៅវរនគរបាលការពារព្រំដែនគោក៦០៧

17-09-2026 14:57

(ព្រៃវែង)៖ តាមការចង្អុលណែនាំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួន ចុះពិនិត្យមើលវឌ្ឍនភាពការកសាងអង្គភាពនៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក៦០៧។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ ស្នងការនគរបាលខេត្ត ក៏បានផ្តល់នូវការណែនាំយ៉ាងម៉ឺងម៉ាត់ដល់នគរបាលវរការពារព្រំដែនទាំងអស់ ត្រូវពង្រឹងការងារជំនាញប្រចាំថ្ងៃឱ្យបានជាប់ជាប្រចាំ មានវត្តមានប្រចាំការជាប់ជានិច្ច ថែទាំសម្ភារភស្តុភារផ្សេងៗរបស់អង្គភាពឱ្យបានល្អប្រសើរ និងត្រូវរក្សាបរិស្ថានអនាម័យក្នុងបរិវេណអង្គភាពឱ្យបានស្អាតបាតជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណភាព និងប្រសិទ្ធភាពការងារ។

គួរបញ្ជាក់ថា ចាប់តាំងពីដើម ឆ្នាំ២០២៦ ទីបញ្ជាការវរនគរបាលការពារព្រំដែនគោក៦០៧ បានប្រែមុខមាត់ថ្មីជាច្រើនគួរឱ្យកត់សម្គាល់ តាមរយៈការជួសជុលអគារចាស់ និងសាងសង់អគារថ្មីៗចំនួន ៣បន្ថែមទៀត។

ជាក់ស្តែង អគារខ្នាត ១០ គុណ ៦៤ ម៉ែត្រ ត្រូវបានបញ្ចប់ការស្ថាបនាជាស្ថាពរ១០០% ក្រោមការផ្តួចផ្តើមដ៏ថ្លៃថ្លាពីសំណាក់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិកម្ពុជា ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌការងាររបស់កងកម្លាំងការពារព្រំដែន៕