FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តកុងទីន័របុករថយន្តបែនដឹកថ្មក្រឡាប់លើមហាវិថីស៊ីជីងពីង ក្រុងតាខ្មៅ បណ្ដាលឲ្យខូចខាតសួនច្បារ

17-09-2026 14:49

(កណ្តាល)៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រថយន្តប្រភេទដឹកកុងទីន័រមួយគ្រឿង បានបើកបុករថយន្តបែនដឹកថ្មពីក្រោយ បណ្ដាលឲ្យក្រឡាប់ចាក់កំពប់ថ្មពេញលើកំណាត់ផ្លូវមហាវិថីស៊ីជីងពីង ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ហេតុការណ៍នេះ បានបណ្ដាលឲ្យស្ទះចរាចរណ៍អស់ជាច្រើនម៉ោង និងធ្វើឲ្យសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ន វីន អាយុ២៤ឆ្នាំ ជាអ្នកបើកបររថយន្តបែនដឹកថ្ម បានរងរបួសស្រាល ខណៈរថយន្តរបស់គាត់បានក្រឡាប់ និងខូចខាតប្រមាណ៧០ភាគរយ។ ចំណែកភាគីរថយន្តកុងទីន័រ បើកបរដោយឈ្មោះ លី កក្កដា អាយុ២៩ឆ្នាំ ក៏បានរងរបួសស្រាលផងដែរ ហើយរថយន្តរបស់គាត់ខូចខាតប្រមាណ២០ភាគរយ។

តាមការបំភ្លឺពីតៃកុងរថយន្តបែនដឹកថ្ម បានឲ្យដឹងថា ពេលខ្លួនកំពុងបើកបរតាមទិសដៅពីត្បូងទៅជើង រួចបានងាកចូលគន្លងផ្លូវទីមួយ ស្រាប់តែរថយន្តកុងទីន័របានបើកមកពីក្រោយបុកពេញទំហឹង។ ចំណែកតៃកុងរថយន្តកុងទីន័រ បានឆ្លើយថា រថយន្តបែនមិនបានស៊ីញ៉ូឆ្វេង ទើបខ្លួនមើលមិនឃើញ និងជាន់ហ្វ្រាំងមិនទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានអញ្ជើញភាគីទាំងសងខាងទៅដោះស្រាយតាមនីតិវិធីច្បាប់នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
ចំពោះការខូចខាតសម្បត្តិសាធារណៈរបស់រដ្ឋ រួមមានដើមឈើលម្អរសួនចែកទ្រូងផ្លូវជិត១០ដើម ម្ចាស់រថយន្តដែលបង្កហេតុត្រូវចូលខ្លួនទៅដោះស្រាយនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល៕