អាជ្ញាធរជាតិព្រះវិហារ និងរដ្ឋបាលខេត្តព្រះវិហារ រៀបចំរត់ដើម្បីបេតិកភណ្ឌ អបអរសាទរខួប ៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
17-09-2026 14:47
(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ និងស្ថាប័នពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំប្រារព្ធព្រឹត្តិការណ៍ «រត់ដើម្បីបេតិកភណ្ឌ» ក្នុងគោលបំណងអបអរសាទរខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍កីឡានេះបានទាក់ទាញភ្ញៀវទេសចរ និងអ្នកចូលរួមប្រមាណ ១២០០នាក់ ឱ្យរត់លើវិញ្ញាសាចម្ងាយ ៧គីឡូម៉ែត្រ។
ក្រៅពីការលើកកម្ពស់សុខភាព និងកីឡា កម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយបេតិកភណ្ឌ លើកស្ទួយតម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រាសាទបុរាណ ព្រមទាំងទស្សនាទេសភាពធម្មជាតិ និងជីវចម្រុះក្នុងតំបន់រមណីយដ្ឋានកោះកេរ បង្កើនការយល់ដឹង ជំរុញស្មារតីយុវជនជំនាន់ក្រោយឱ្យចូលរួមក្នុងកិច្ចការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។
អាជ្ញាធរជាតិព្រះវិហារ បានគូសបញ្ជាក់ថា ការទទួលស្គាល់អតីតរាជធានីកោះកេរជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជាមោទនភាពដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជា។
ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងដៃគូពាក់ព័ន្ធបានខិតខំប្រឹងប្រែងលើកិច្ចការសំខាន់ៗជាច្រើន រួមមាន៖ការអភិរក្ស និងជួសជុលប្រាសាទបណ្តុំជើង (ប្រាសាទប្រាំ ប្រាសាទក្រហម ប្រាសាទកោតក្រដ និងប្រាសាទធំ) ការជួសជុលបដិមាព្រះឥសូររាំ និងការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើផ្នែកបុរាណវិទ្យា ជាតិពន្ធុវិទ្យា ស្ថាបត្យកម្ម និងអក្សរចារឹក ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រនៃសម័យកាលនោះ។
ក្នុងឱកាសនោះ អាជ្ញាធរជាតិព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នជាតិ និងអង្គការអន្តរជាតិដៃគូ ដូចជា អង្គការយូណេស្កូ (UNESCO), អង្គការ ALIPH, វិទ្យាស្ថានបារាំងចុងបូព៌ា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យនានាមកពីប្រទេសជប៉ុន កាណាដា អាមេរិក និងអាឡឺម៉ង់ ដែលបានជួយឧបត្ថម្ភ និងគាំទ្រដល់សកម្មភាពអភិរក្សជួសជុល។
ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានថ្លែងអំណរគុណភ្ញៀវទេសចរទាំងអស់ដែលបានចូលរួមយ៉ាងកុះករ ដែលស្តែងឱ្យឃើញពីកម្លាំងចិត្ត និងការរួមចំណែកការពារ និងលើកតម្លៃរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ សម្រាប់មនុស្សជាតិជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕
































