FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជធានីភ្នំពេញនឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈដែលមានដើមឈើជាច្រើន (Video inside)

17-09-2026 14:34

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជធានីភ្នំពេញនឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈដែលមានដើមឈើជាច្រើននៅបឹងតាមោក លើផ្ទៃដី ៧៥ហិកតា ដើម្បីផ្តល់ជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ ដើរលេង កម្សាន្ត និងសម្រាកលំហែ ដោយគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ ការដាំដើមឈើសម្រេចបាន៨០ភាគរយហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងពាក់ព័ន្ធនឹងសួនលំហែថ្មីនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ដើម្បីផលប្រយោជន៍ យើងបាននិងកំពុងរៀបចំជាសួនសាធារណៈនៅបឹងតាមោក ដោយយើងបានដាំដើមឈើបានយ៉ាងច្រើនដើម ទីតាំងសួនសាធារណៈ នៅបឹងតាមោក ក៏ត្រូវបានគេចង់ចែចូវច្រើនដែរ តែសម្តេចថាមិនលក់ទេ ដោយទីតាំងនេះត្រូវទុកធ្វើជាសួនសាធារណៈសំរាប់ប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត។

សម្តេចបន្តថា សួនសាធារណៈនៅបឹងតាមោកនេះត្រូវបានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាំដើមឈើច្រើនហើយ ហើយបន្តិចទៀតនៅទីនោះ នឹងរៀបចំជាកន្លែងបរិស្ថានសាធារណៈ។ ដូច្នេះលំហរសាធារណៈវានឹងកាន់តែមានច្រើនសំរាប់អ្នកភ្នំពេញ។ បើយករូបមន្តដូចផ្លូវថ្មើរជើងចតុមុខ ថ្ងៃក្រោយកុំឱ្យពិបាកជិះទៅឆ្ងាយ អ្នកដើរលេងកំសាន្ត ត្រូវចែកគ្នា ទៅលេងកីឡានៅទីនោះ ដើម្បីសុខភាព។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានមានប្រសាសន៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផ្លូវការផែនការអភិវឌ្ឍន៌ទេសចរណ៌រាជធានីភ្នំពេញ២០២៦ -២០៣០ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ថា ការបង្កើតឱ្យមានសួនលំហែមួយនៅភាគខាងជើងឈៀងខាងលិច ដែលមានផ្ទៃដី ៧៥ហិកតា ដែលគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ យើងបានដាំដើមឈើសម្រេចបាន៨០%ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង ៣ហិលតា នៅភាគខាងលិចរាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ហើយ៕