ឯកអគ្គរាជទូតកម្ពុជានៅជប៉ុន ជំរុញវិនិយោគិនជប៉ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
17-09-2026 14:13
(អូសាកា)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានលើកឡើងពីឱកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងសិក្ខាសាលាស្តីពី «ឱកាសវិនិយោគនៅកម្ពុជា» (Investment Opportunity in Cambodia - Private Seminar) ដែលរៀបចំឡើងនៅទីក្រុងអូសាកា ប្រទេសជប៉ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សិក្ខាសាលានេះ បានរៀបចំឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្រុមហ៊ុន MIRAKU Capital & Development Co., Ltd. និងមានការចូលរួមពីវិនិយោគិន តំណាងក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជប៉ុន ដែលមានចំណាប់អារម្មណ៍លើឱកាសវិនិយោគនៅកម្ពុជា។
ក្នុងសុន្ទរកថាពិសេស លោកឯកអគ្គរាជទូត ជុំ សុន្ទរី បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលទទួលបានការគោរព និងទំនុកចិត្ត ដោយសារគុណភាព វិជ្ជាជីវៈ បច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ និងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។
លោកបានលើកឡើងថា ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចរវាងកម្ពុជា និងតំបន់អូសាកា-កាន់សៃ កំពុងត្រូវបានយកចិត្តទុកដាក់។ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែកញ្ញា លោកបានជួបជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា (OCCI) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងធុរកិច្ចរវាងភាគីទាំងពីរ។
លោកក៏បានរំលឹកពីវេទិកាវិនិយោគកម្ពុជា ដែល OCCI បានរៀបចំដោយជោគជ័យ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងអូសាកា កាលពីខែមិថុនា ឆ្នាំ២០២៦ របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានបង្ហាញពីគុណសម្បត្តិ និងសក្តានុពលរបស់កម្ពុជា សម្រាប់វិនិយោគិនបរទេស រួមមាន បរិយាកាសវិនិយោគបើកចំហ និងអំណោយផលដល់វិនិយោគិន លទ្ធភាពចូលទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ តាមរយៈអាស៊ាន RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ កម្លាំងពលកម្មវ័យក្មេង និងសកម្ម ទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រ និងការតភ្ជាប់ដែលកំពុងរីកចម្រើន ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យឯកជន។
លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នៅទីក្រុងអូសាកា និងតំបន់កាន់សៃ ឱ្យបង្កើនការចូលរួម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យាឧស្សាហកម្ម កែច្នៃចំណីអាហារ និងកសិពាណិជ្ជកម្ម ឡូជីស្ទីក ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ទីក្រុង ថាមពលស្អាត បច្ចេកវិទ្យាឌីជីថល សុខាភិបាល ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។
លោកបានបញ្ជាក់ជាថ្មីថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីជាស្ពានតភ្ជាប់សម្រាប់ធុរកិច្ចជប៉ុន ដោយជួយសម្របសម្រួល និងភ្ជាប់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងដៃគូធុរកិច្ចកម្ពុជាដែលមានសក្តានុពល។
មុននឹងបញ្ចប់ លោកឯកអគ្គរាជទូត ជុំ សុន្ទរី ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីយុទ្ធនាការរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកបានគូសបញ្ជាក់ពីសកម្មភាពសំខាន់ៗដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានអនុវត្ត លទ្ធផលដែលសម្រេចបានរហូតមកដល់ពេលបច្ចុប្បន្ន និងមាគ៌ាឆ្ពោះទៅមុខ៕












