FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាសន្ទនាសង្គមស៊ីវិលខេត្តព្រះវិហារ លើកទឹកចិត្តអង្គការសង្គមស៊ីវិលឱ្យ​បន្តជំរុញការអភិវឌ្ឍមូលដ្ឋាន​ និងចូលរួមពង្រឹងខឿនការពារជាតិប្រជាជន

17-09-2026 13:27

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុងព្រះវិហារ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​​​ភិបាល វ.ស.ស. និងលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ វេទិកាសន្ទនានាព្រឹកនេះមានការចូលរួម​ពីតំណាង​អង្គការ សមាគម និងសហគមន៍នានាក្នុងខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរ​​មូលដ្ឋានជាច្រើននាក់។

ថ្លែងក្នុងពិធីបើកវេទិកាសន្ទនានេះ លោក ប៉ៃ សំបូរ​ បានថ្លែងនូវការកោតសរសើរ​ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាង​អាជ្ញាធរ​​មូលដ្ឋាន ​និងអង្គការសង្គមស៊ីវិល​ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ​ក្នុងការអភិវឌ្ឍសហគមន៍ មូលដ្ឋាន​ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានចូលរួមលើកកម្ពស់​សុខដុមនីយកម្ម​សង្គម​ស៊ីវិល​ និងលម្ហសិទ្ធិសេរីភាពតាមមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ។
លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍​ទាំងអស់បន្តអនុវត្តគម្រោងពាក់ព័ន្ធនានា ដោយត្រូវរួមគ្នាជំរុញការអភិវឌ្ឍមូលដ្ឋានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានា ក្រោមការដឹកនាំ​ប្រកប​ដោយ​​គតិបណ្ឌិត​​របស់សម្តេចមហាបវរ​​ធិបតី ហ៊ុន ម៉ាណែត។

ឆ្លៀតក្នុងឱកាសនោះ លោក​ក៏បានលើកទឹកចិត្ត​ដល់អង្គការសង្គមស៊ីវិលឱ្យ​​​ជំរុញយុវជនតាមសហគមន៍​ឱ្យទៅចុះឈ្មោះចូលរៀន​វគ្គបំណិនវិជ្ជាជីវៈ និងវគ្គបណ្តុះបណ្តាលបច្ចេកទេសនានា នៅវិទ្យាស្ថាន​​ពហុបច្ចេកទេស​​ខេត្តព្រះវិហារ ដើម្បីទទួលបានឱកាសការងារកាន់​តែ​ល្អប្រសើរនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះដែរ លោក វ៉ាត ប៉ារ៉ានីន បានថ្លែងកោតសរសើរ​​និង​វាយតម្លៃខ្ពស់​ចំពោះការចូលរួមចំណែកយ៉ាងសកម្ម​របស់អង្គការសង្គមស៊ីវិលក្នុងខេត្តព្រះវិហារ ​ក្នុងការអភិវឌ្ឍ​មូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកបានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមដោយស្មោះត្រង់ក្នុងភាពជាដៃគូជាមួយរដ្ឋបាលខេត្តព្រះវិហារ និងអនុវត្តតួនាទីបំពេញគ្នាទៅវិញទៅមកក្នុងការអនុវត្តការងារដែលបម្រើដល់ផល ប្រយោជន៍របស់ប្រជាជន និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ​នៅថ្នាក់មូលដ្ឋានប្រកបដោយបរិយាបន្ន ជាពិសេសបន្តគាំទ្រដល់ជនភៀសសឹក ដើម្បីរួមគ្នាលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែងនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ លោកក៏​បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវេទិកាសន្ទនាដែលរៀបចំដោយ វ.ស.ស. ដែលបានផ្តល់នូវឱកាសសម្រាប់គ្រប់ភាគីពាក់ព័ន្ធ​អាចជជែកពិភាក្សាជាមួយគ្នា និងរួមគ្នាដោះស្រាយសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានា ដែលអង្គការសង្គមស៊ីវិល​​បានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួន។

ក្នុងអង្គវេទិកានេះដែរ លោក ក្អាត ណាត់ អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភា​​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា បានចូលរួម​ធ្វើបទបង្ហាញជូនអង្គវេទិកា ស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថល និងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់អង្គការ​​សង្គមស៊ីវិល» ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​​ឌីជីថលនិងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ច​និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ផងដែរ៕