FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន១៥, ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន១០ (Video inside)

17-09-2026 12:09

(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថាមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥, ក្នុងនោះរោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រ​ពុំ​ទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ ទុនវិនិយោគសរុបនៅក្នុងវិស័យនេះមានប្រមាណ ២៤៨លានដុល្លារអាមេរិក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញ​ជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បច្ចុប្បន្ននៅកម្ពុជា យើងមានរោងចក្រផ្គុំ និងតំឡើងរថយន្តសរុប១៥ ក្នុងនោះរោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រ​ពុំ​ទាន់ដំណើរការចំនួន២, មានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ ទុនវិនិយោគសរុបនៅក្នុងវិស័យនេះ សរុបប្រមាណ ២៤៨លានដុល្លារអាមេរិក, ក្នុងនោះទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដែលបានបង្កើតការងារសរុបចំនួន ២ ៧៧៤កន្លែង ដែលជាកន្លែងជំនាញ»

ជាការគិតគូរបន្ថែមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិចារណាគិតគូរឱ្យបានខ្ពស់ចំពោះការផ្តល់សិទ្ធិវិនិយោគបន្ថែមទៀតសម្រាប់ក្រុមហ៊ុនធ្វើការផ្គុំ និងដំឡើងរថយន្ត សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយបច្ចុប្បន្នមានរោងចក្ររហូតដល់ ១៥កន្លែងរួចទៅហើយ ដូចនេះត្រូវគិតគូរឱ្យបានខ្ពស់ដោយផ្អែកលើតម្រូវការរថយន្តជាក់ស្តែង ខណៈបច្ចុប្បន្ននៅកម្ពុជាមានសមត្ថភាពផលិតរថយន្តបាន ៣៥ ០០០គ្រឿងក្នុងមួយឆ្នាំរួចទៅហើយ។

ជុំវិញវិស័យផលិតយាន្តយន្តនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា យើងមិនផ្តោតតែលើចំនួនដែលផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនបើកនោះទេ ព្រោះវាមិនបានបញ្ជាក់ពីភាពធន់នោះទេ វាគ្រាន់តែបញ្ជាក់ពីការទាក់ទាញរយៈពេលខ្លីប៉ុណ្ណោះ ដូចនេះយើងត្រូវតែគិតគូរផ្តល់ភាពធន់ និងធានាឱ្យរោងចក្រដែលបានវិនិយោគរួចហើយ អាចឈរជើងបានរឹងមាំ និងរីកចម្រើនទៅមុខ និងធានាទីផ្សារសម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុក។

សូមបញ្ជាក់ដែរថា រោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលកំពុងដំណើរការនៅកម្ពុជានាពេលបច្ចុប្បន្នរួមមាន៖ (១) ក្រុមហ៊ុន BYD មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (២) ក្រុមហ៊ុន CAMKO MOTOR CO., LTD. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស នាងកុក កោះកុង នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (៣) ក្រុមហ៊ុន CXD INDUSTRY CO., LTD. មានទីតាំងនៅផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (៤) ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. មានទីតាំងវិនិយោគនៅ តំបន់​សេដ្ឋកិច្ចពិសេសក្នុងភូមិព្រៃផ្តៅ សង្កាត់​ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

(៥) ក្រុមហ៊ុន GTV MOTOR CO., LTD. មានទីតាំងនៅផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (៦) ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. មានទីតាំងនៅ តំបន់សេដ្ឋ​កិច្ច​ពិសេសេរ៉ូយ៉ាល់គ្រុប ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (៧) ក្រុមហ៊ុន K (CAMBODIA) CO., LTD. មានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងឃុំត្រពាំង​គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (៨) ក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA) CO., LTD. មានទីតាំងនៅតំបន់​សេដ្ឋ​កិច្ចពិសេសពោធិ៍សាត់ ផ្លូវជាតិលេខ៥ ភូមិសារវន្ត ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍​សាត់​ (៩) ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD. មានទីតាំងនៅ​ភូមិ​ខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង (១០) ក្រុមហ៊ុន TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD. មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌ​កំបូល រាជធានីភ្នំពេញ៕