ក្រសួងព័ត៌មាន បើកវេទិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Video inside)
17-09-2026 11:52
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្នាំ២០២៦» ក្រោមប្រធានបទ៖ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង»។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជានាយកគម្រោង បានគូសបញ្ជាក់ថា ព្រឹត្តការណ៍នេះជាវេទិកាថ្នាក់តំបន់ដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ជាតិ ការកំណត់អត្តសញ្ញាណបញ្ហាប្រឈមថ្មីៗក្នុងបរិយាកាសព័ត៌មាន និងការពិភាក្សាអំពីវិធីសាស្ត្រជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនត្រឹមត្រូវ ព័ត៌មានបំភាន់ ពាក្យចចាមអារ៉ាមតាមអនឡាញ មាតិកាដែលត្រូវបានកែច្នៃ មាតិកាសំយោគ និងនិទានកថាដែលបង្កគ្រោះថ្នាក់ផ្សេងៗ។
នាយកគម្រោងរូបនេះ បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនអាចត្រូវបានមើលឃើញថាជាបញ្ហារបស់ប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះទៀតឡើយ។ វាបានក្លាយជាបញ្ហាប្រឈមទូលំទូលាយមួយ ដែលប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ សុខដុមនីយកម្មសង្គម ភាពធន់របស់ជាតិ សន្តិសុខឌីជីថល ទំនុកចិត្តក្នុងតំបន់ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក ប្រាក់ ថាវអមិដា បានឱ្យដឹងថា វេទិកានេះ បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការចូលរួមពីសង្គមទាំងមូល និងតំបន់ទាំងមូល ដែលរួមមានទាំងរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកអប់រំ សង្គមស៊ីវិល យុវជន អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម វេទិកាឌីជីថល ផ្នែកបច្ចេកវិទ្យា និងប្រជាពលរដ្ឋ។ វេទិកាកាលពីខែមិថុនាបានសម្រេចលទ្ធផលសំខាន់ៗជាច្រើន។ វាបានលើកកម្ពស់ការយល់ដឹងជារួមថាព័ត៌មានមិនត្រឹមត្រូវកំពុងរីករាលដាលកាន់តែលឿន កាន់តែស្មុគស្មាញ កាន់តែពឹងផ្អែកលើបច្ចេកវិទ្យា និងមានលក្ខណៈឆ្លងដែនកាន់តែខ្លាំង។ បញ្ញាសិប្បនិម្មិត រូបភាព និងវីដេអូដែលត្រូវបានកែច្នៃ មាតិកាសំយោគ Deepfake កម្មវិធីផ្ញើសារ និងបណ្ដាញទំនាក់ទំនងសង្គម បានធ្វើឱ្យការផលិត និងការផ្សព្វផ្សាយព័ត៌មានបំភាន់កាន់តែលឿន និងកាន់តែពិបាកក្នុងការរកឃើញ។
វេទិកាពេញមួយថ្ងៃនេះមានអ្នកចូលរួមប្រមាណ ៣០០នាក់ រួមមានតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងស្ថានទូតបណ្តាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញផ្ទៀងផ្ទាត់ព័ត៌មាន តំណាងសង្គមស៊ីវិល វាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មកពីកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។
វេទិកានេះក៏នឹងផ្ដោតសំខាន់លើការចែករំលែកបទពិសោធល្អៗ លើការផ្ទៀងផ្ទាត់ព័ត៌មានពិត (Fact-checking) ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ការឆ្លើយតបចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានអំឡុងពេលវិបត្តិព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការទប់ស្កាត់ការសាយភាយព័ត៌មានមិនពិតឆ្លងដែន ស្របតាមទិសស្លោក «ផ្ទៀងផ្ទាត់មុនចែករំលែក (Verify Before You Share)» និង «រួមគ្នាដើម្បីសុចរិតភាពព័ត៌មាន (Together for Information Integrity)»។
ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏នឹងរៀបចំពិធីប្រគល់ពានរង្វាន់ «ជ័យលាភីអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាប្រឆាំងព័ត៌មានក្លែងក្លាយ» ដល់ម្ចាស់ជ័យលាភីចំនួន ៥រូប ដែលបានផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត សីលធម៌វិជ្ជាជីវៈ និងមានឥទ្ធិពលវិជ្ជមានដល់សង្គម។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមគម្រោង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ការពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងព័ត៌មានមិនពិត បន្ទាប់ពីកម្មវិធីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយប្រើទិសស្លោក «ផ្ទៀងផ្ទាត់ មុនចែករំលែក» និង «រួមគ្នាដើម្បីសុចរិតភាពព័ត៌មាន»។
តាមការរំពឹងទុកវេទិកានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងបណ្តាញអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដែលមានទំនួលខុសត្រូវខ្ពស់លើកកម្ពស់ទំនុកចិត្តសាធារណៈលើប្រភពព័ត៌មានច្បាស់ការណ៍ ព្រមទាំងពង្រឹងភាពធន់របស់សង្គមជាតិ និងតំបន់មេគង្គ-ឡានឆាងទាំងមូល ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រកបដោយប្រសិទ្ធភាពជាពិសេសវេទិកានេះនឹងជួយពង្រឹងតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្លងដែន ដែលបាននឹងកំពុងចរាចរយ៉ាងឆាប់រហ័សនៅក្នុងតំបន់៕





























