FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ នៅមូលដ្ឋានឃុំជ្រលង ដែលកញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល

17-09-2026 11:37

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៦០ម៉ែត្រ ស្ថិតនៅភូមិថ្មអណ្ដែត ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីជាឆ្លើយតបតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំជ្រលង ដែលបានវិវត្តន៍ពីផ្លូវគ្រួសក្រហមមកជាផ្លូវបេតុង និងបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅកន្លែងផ្សេងទៀត។

លោកអភិបាលស្រុកតាំងគោក ក៏បានគូសបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០២៦ ដែលជាថវិកាមូលនិធិឃុំ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ។

ជាមួយគ្នានេះដែរលោកអភិបាលស្រុក ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីបច្ចុប្បន្នភាព និងសភាពការណ៍ទូទៅរបស់ប្រទេសជាតិ ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ និងការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងវឌ្ឍនភាពនៃកិច្ចប្រជុំគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីដោះស្រាយវិវាទពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសកម្ពុជា និងថៃ បន្ទាប់ពីថៃបានលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ២០០១ ជាឯកតោភាគី។

ទន្ទឹមនឹងនេះ ដោយសារបច្ចុប្បន្នជាគ្រាដែលមានការកើនឡើងនៃករណីឆ្លង លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ដែលកំពុងតែមានការរីករាលដាល ដោយត្រូវចូលរួមសម្អាតបរិស្ថានជុំវិញខ្នងផ្ទះ បំបាត់ជម្រកមូសខ្លា និងថែរក្សាសុខភាពក្រុមគ្រួសារឱ្យបានល្អប្រសើរ៕