ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
17-09-2026 09:40
(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co.,Ltd.) និងខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាក GAC។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមហ៊ុន TH ដែលបានដាក់ទុនវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត បង្កើតការងារជូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានដាក់ចេញនូវគំនិតអភិវឌ្ឍន៍នានា ដើម្បីប្រែក្លាយខេត្តកំពង់ឆ្នាំង ឱ្យក្លាយជាខេត្តមិនឱ្យគេទៅហួស មកហួស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នគ្រឿងផ្គុំរបស់រថយន្ត គឺនាំមកពីក្រៅស្ទើរតែ១០០ភាគរយ ដូច្នេះសម្តេចបានណែនាំដល់វិនិយោគពិចារណាបង្កើតរោងចក្រដើម្បីផលិតបំណែកគ្រឿងបង្គំណាមួយនៃរថយន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានមហិច្ឆតាប្រែក្លាយកម្ពុជា ជាកន្លែងផលិតគ្រឿងបង្គុំរថយន្ត ហើយចែកចាយទៅកាន់រោងចក្រផលិតរថយន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ចរៀង ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ក្នុងការសម្របសម្រួល និងគាំទ្រដល់ដំណើរការ វិនិយោគ, ចាប់តាំងពីការទាក់ទាញការវិនិយោគ និង បង្កើតរោងចក្រ រហូតដល់ការផលិត និង ចែកចាយផលិតផលក្នុងប្រទេសកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់បន្តធ្វើការរួមគ្នា ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងយុទ្ធនាការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព ភាពប្រកួតប្រជែង និងនវានុវត្តន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រយៈពេលជាងបីទសវត្សរ៍នេះ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បានប្រែប្រួលពីប្រទេសដែល ពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និង មានតម្លៃខ្ពស់ តាមរយៈ ការដាក់ចេញ និង អនុវត្តយ៉ាងសកម្ម និង ទាន់ពេលនូវគោលនយោបាយត្រឹមត្រូវ មុតស្រួច និង ចំទិសដៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឧស្សាហកម្មក្នុងផលិតផលជាតិសរុប មានប្រមាណ ១២,៦ភាគរយ ក្នុងឆ្នាំ១៩៩៣ ហើយបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៤៣,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងនិន្នាការបន្តកើនឡើង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ រោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួន ៣ ៣៥៧រោងចក្រ ស្ថិតនៅក្នុងរាជធានី-ខេត្តទាំង២៥។ ក្នុងនោះ វិនិយោគផ្នែកកម្មន្តសាលមានចំនួន ២៤ជំពូក ស្មើនឹង ១០៧ចំណាត់ថ្នាក់ឧស្សាហកម្ម។ ប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ១,៣៦លាននាក់ ស្រីជាង ៩៥ម៉ឺននាក់ ស្មើនឹង ៧០,១៥ភាគរយ។ មានទុនវិនិយោគសរុបជាង ២៨ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ៦ប៊ីលាន ដុល្លារអាមេរិក ស្មើនឹង ២៨,៨២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥,៤៦% នៃទុនវិនិយោគសរុប។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ពីមុនត្រឹមសមត្ថភាពផលិតទឹកផឹក និងភេសជ្ជៈផ្សេងៗ ក៏ខ្មែរមិនអាចធ្វើបានផង។ តែបច្ចុប្បន្នកម្ពុជា អាចផលិតបានមិនត្រឹមភេសជ្ជៈ តែអាចឈានដល់ការដំឡើងរថយន្តទៀត ដែលនេះជាមោទនភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងរថយន្តនេះ មិនត្រឹមផ្តល់ការងារធ្វើនោះទេ តែបានផ្ទេរចំណេះជំនាញផ្នែករថយន្តមកដល់កូនខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ជួយកាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកវិញនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស។ បង្កើតការងារដែលទាមទារជំនាញ និងបច្ចេកទេសខ្ពស់, ញ៉ាំងឱ្យតម្លៃពលកម្មកាន់តែសមរម្យ ជាងវិស័យឧស្សាហកម្មអតិពលកម្ម, ដោយផ្ដល់ឱកាសដល់យុវជនកម្ពុជា ជាពិសេសយុវជននៅតាមមូលដ្ឋាន ចូលរួមក្នុងឧស្សាហកម្មដែលប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យាខ្ពស់ ជំរុញការផ្ទេរចំណេះធ្វើ និងបច្ចេកវិទ្យាជាបណ្តើរៗ ពីអ្នកជំនាញបរទេសដល់អ្នកជំនាញ និង ប្រជាពលករកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យរោងចក្រ សិក្សាលទ្ធភាពក្នុងការសហការជាមួយរោងចក្រសហគ្រាសក្នុងស្រុក ដើម្បីផលិត និងផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តផ្សេងៗ សំដៅកាត់បន្ថយថ្លៃដើមផលិតកម្ម និងចំណាយប្រតិបត្តិការ។ បច្ចុប្បន្នមានក្រុមហ៊ុនផ្តុំដំឡើងរថយន្តលំដាប់អន្តរជាតិមួយបានទទួលការផ្គត់ផ្គង់គ្រឿងបង្គុំពីប្រភពក្នុងស្រុកចំនួន ២០ភាគរយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវសិក្សារៀបចំផែនការ ឬកម្មវិធីទាក់ទាញវិនិយោគលើ វិស័យអាទិភាព និង ផលិតផលគោលដៅ ដោយផ្អែកលើការវិភាគទីផ្សារជាក់លាក់តាមវិស័យ, និន្នាការនៃតម្រូវការទីផ្សារ និងការប្រៀបធៀបសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសប្រហាក់ ប្រហែល ជាពិសេស បណ្តាប្រទេសក្នុងតំបន់។
* ការជំរុញវិនិយោគនេះ ត្រូវធ្វើឡើងក្រោមស្មារតី បុរេសកម្ម និងត្រូវផ្ដោតចំក្រុមហ៊ុនជាក់លាក់ តាមរយៈ ការកំណត់អត្តសញ្ញាណក្រុមហ៊ុនគោលដៅ និង ការទាក់ទងទៅក្រុមហ៊ុនដោយផ្ទាល់ ដោយមិនត្រូវរង់ចាំការស្នើសុំវិនិយោគនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី សិក្សារៀបចំកម្មវិធីបរិវត្តកម្មតំបន់ប្រមូលផ្ដុំឧស្សាហកម្ម តាមរយៈ ការធ្វើវិសិដ្ឋកម្មហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង មិនរូបវន្ត, សេវាសាធារណៈ, សេវាគាំទ្រដល់ ការផ្គត់ផ្គង់ ការបម្លាស់ទី និង ការរក្សា កម្លាំងពលកម្ម, ការអភិវឌ្ឍជំនាញតាមតម្រូវការតំបន់, ការសម្របសម្រួលតួអង្គពាក់ព័ន្ធ និង រៀបចំ ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម ដោយចាប់ពីការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម និង សួនកសិកម្ម បៃតង, និង បន្តអភិវឌ្ឍសួនឧស្សាហកម្ម ក្នុងឧស្សាហកម្មអាទិភាពផ្សេងៗបន្ថែមទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវសិក្សារៀបចំបង្កើតអង្គភាពព័ត៌មានវិនិយោគ (Invest-ment Intelligence Unit) មួយ ដែលមានមុខងារ : ១. វិភាគ ទីផ្សារវិស័យកម្មន្ត- សាលគោលដៅ, និង ខ្សែច្រវាក់ផលិតកម្មដែលមានសក្តានុពល ដើម្បីផ្សព្វផ្សាយ, ទាក់ទាញ, និង ជំរុញវិនិយោគ និង នាំចេញ, និង ២. សិក្សារៀបចំគម្រោងសមាហរណកម្មវិស័យកម្មន្ត- សាលសក្តានុពលរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល ដើម្បីទាក់ទាញ គម្រោងវិនិយោគលើខ្សែច្រវាក់ផលិតកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវ សហការគ្នាកាន់តែជិតស្និទ្ធ ជំរុញការអភិវឌ្ឍជំនាញ ការបង្កើនជំនាញ និង ការផ្លាស់ប្តូរជំនាញ ដល់ប្រជាពលរដ្ឋ និង ប្រជាពលករកម្ពុជា, ព្រមទាំង ពង្រីកសមត្ថភាពគ្រឹះស្ថានអប់រំ និង បណ្ដុះ- បណ្តាលវិជ្ជាជីវៈ, រៀបចំឱ្យមានអាហារូបករណ៍សម្រាប់មុខជំនាញ STEM, បង្កើតកិច្ចសហប្រតិ- បត្តិការរវាងរោងចក្រ និង គ្រឹះស្ថានអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅពង្រឹងសមត្ថភាពជំនាញ ឧស្សាហកម្ម, ធ្វើវិសិដ្ឋកម្មបច្ចេកវិទ្យាសម្រាប់គាំទ្រដល់ឧស្សាហកម្មអាទិភាព, និង កាត់បន្ថយ គម្លាតជំនាញ ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រូវជំរុញការសិក្សារៀបចំ «គោលនយោបាយអភិវឌ្ឍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦-២០៣៥» ដោយត្រូវផ្តោតលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និង ជំនាញទាប ទៅជាឧស្សាហកម្មដែលពឹងផ្អែក លើជំនាញ និង បច្ចេកវិទ្យាខ្ពស់, ព្រមទាំង ការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, សមាហរណកម្ម ទៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និងការកសាងមូលដ្ឋានឧស្សាហកម្មក្នុងស្រុក ឱ្យមាន ភាព- ប្រកួតប្រជែង ពិពិធភាព និងភាពធន់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ជាពិសេស ប្រជាពលរដ្ឋ ស្រុកកំពង់ត្រឡាច ចំពោះសមិទ្ធផលថ្មី គឺរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC ដែលនឹងចូលរួម លើកកម្ពស់កម្រិតជីវភាព និង កាត់បន្ថយការធ្វើចំណាកស្រុក របស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារនៅមូលដ្ឋាន និង បង្កើនជំនាញ ស្របតាមទិសស្លោក «រោងចក្រមិនមែនត្រឹម តែជាកន្លែងផលិតទំនិញប៉ុណ្ណោះទេ, ប៉ុន្តែគឺជាកន្លែងផលិតការងារ, ផលិតជំនាញ, ផលិតទំនុកចិត្ត, និង ផលិតអនាគត»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើដល់កម្មករ និយោជិត ដែលបម្រើការងារនៅតាមរោងចក សហគ្រាស សូមប្រឹងប្រែងធ្វើការ ព្រមទាំង ត្រូវគោរពវិន័យ និង ពេលវេលាធ្វើការ ឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវចងចាំថា «នៅពីក្រោយរោងចក្រ សហគ្រាស គឺមានប្រាក់ខែរបស់កម្មករ, មានអាហារ របស់គ្រួសារ, មានថ្លៃសិក្សារបស់កូន, និង មានក្តីសង្ឃឹមរបស់យុវជន»។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៩៖២០នាទីនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សូមអរគុណចំពោះទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕






















































































