រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅស្រុកបារាយណ៍
17-09-2026 09:35
(កំពង់ធំ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្នុងនោះមានសិស្សនិទ្ទេស A ចំនួន១៤នាក់ នៅក្នុងមូលដ្ឋានស្រុកបារាយណ៍ នាសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក, លោក ងួន រាសី អភិបាលរង តំណាងអភិបាលខេត្តកំពង់ធំ, លោក អួង សារឿន ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍, លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍, លោក លោកស្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០ និងប្រធានលេខាធិការដ្ឋាន ព្រមទាំងលោក លោកស្រី លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស សរុបប្រមាណ១០០នាក់។
ថ្លែងក្នុងពិធីនេះ លោក ហួត ហាក់ បានសម្តែងការអបអរសាទរចំពោះប្អូនៗសិស្សានុសិស្សទាំងអស់ ដែលទទួលបានជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ជាពិសេសសិស្សដែលទទួលបាននិទ្ទេស A ទាំង១៤នាក់ ព្រមទាំងក្រុមគ្រួសារ និងអាណាព្យាបាលផងដែរ។
លោក ហួត ហាក់ បានគូសរំលេចថា ការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាជោគជ័យមួយនៅក្នុងដំណាក់កាលដំបូងរបស់ប្អូនៗ ហើយសូមឱ្យប្អូនៗបន្តខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងអភិវឌ្ឍខ្លួនជាប្រចាំ ដើម្បីក្លាយជាមូលធនមនុស្សដ៏មានសក្តានុពល និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងគ្រួសារ។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ក្លាយជាអ្នកបន្តវេន និងជាធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដ។
លោកបានណែនាំឱ្យប្អូនៗជ្រើសរើសមុខវិជ្ជាសិក្សាដែលសមស្របទៅនឹងចំណេះដឹង ចំណង់ចំណូលចិត្ត និងភាពប៉ិនប្រសប់របស់ខ្លួន ព្រមទាំងពង្រឹងចំណេះដឹងផ្នែកភាសា និងបច្ចេកវិទ្យា ថែរក្សាសុខភាព និងអនាម័យឱ្យបានល្អ មានសីលធម៌ក្នុងការរស់នៅ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
សូមជម្រាបថា ក្នុងឱកាសនេះ សិស្សនិទ្ទេស A ទាំង១៤នាក់ ទទួលបានរង្វាន់លើកទឹកចិត្ត ដោយក្នុងម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង និងថវិកាចំនួន៤០ម៉ឺនរៀល។
ជាពិសេស សម្រាប់ប្អូនៗសិស្សដែលទទួលបាននិទ្ទេស A ទាំងអស់ នៅរៀងរាល់ឆ្នាំ នឹងមានឱកាសជួបសំណេះសំណាល និងទទួលបានការលើកទឹកចិត្តដោយផ្ទាល់ពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផងដែរ៕











