អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
16-09-2026 22:57
(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុនចំនួន ៣រូប នៅទីបញ្ជាការដ្ឋានអង្គភាព CMAC។
គណៈប្រតិភូជប៉ុនរួមមាន លោក HIGASHINO Hideki លោកស្រី MIKAMI Eri និងលោកស្រី SHIRAKAWA Yoko សមាជិកព្រឹទ្ធសភា អមដោយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងប្រធាន JICA ប្រចាំកម្ពុជា។
ជំនួបនេះបានផ្តោតសំខាន់លើសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីនរវាងកម្ពុជា និងជប៉ុន ជាពិសេសការអនុវត្តគម្រោងជំនួយអន្តរជាតិជប៉ុន ដែលបានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC។
កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែរួមចំណែកក្នុងការកាត់បន្ថយការគំរាមកំហែងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ការស្តារជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោក ហេង រតនា ក៏បានអំពាវនាវ និងសំណូមពរដល់ព្រឹទ្ធសភាជប៉ុន មេត្តាបន្តជួយផ្តល់ការលើកទឹកចិត្ត និងគាំទ្ររដ្ឋាភិបាលជប៉ុន ឱ្យបន្តជួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យមីនផងដែរ។ ការគាំទ្រនេះមានគោលបំណងជំរុញឱ្យកម្ពុជាសម្រេចបានមហិច្ឆតាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ និងជួយកាត់បន្ថយការគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមត្រឹមឆ្នាំ២០៣៥។
លោកក៏បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម ដែលបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរប្រមាណជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់៕
















