អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ទទួលបានការអប់រំសុខភាព ពីការថែទាំប្រកបដោយសុវត្ថិភាព សម្រាប់ជំងឺមិនឆ្លង
16-09-2026 22:46
(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីអប់រំសុខភាពអំពី «ការថែទាំប្រកបដោយសុវត្ថិភាព សម្រាប់ជំងឺមិនឆ្លង» ក្នុងឱកាសអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ជូនដល់មន្ត្រីរាជការ បុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ក្រោមការរៀបចំនិងដឹកនាំដោយលោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយករងមន្ទីរពេទ្យព្រះអង្គឌួង តំណាងលោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។
ជំនួសមុខជូនលោកនាយកមន្ទីរពេទ្យ លោកស្រីសាស្ដ្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីអប់រំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសទិវាពិភពលោកសុវត្ថិ
ភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាព សម្រាប់ជំងឺមិនឆ្លង» ដែលមន្ទីរពេទ្យព្រះអង្គឌួងបានរៀបចំម្តងរួចមកហើយនៅសប្តាហ៍មុន ។
លោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុម៉ា បានថ្លែងថា ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ គឺជាឱកាសមួយដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអ្នកជំងឺ ការការពារហានិភ័យ និងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ជាពិសេសសម្រាប់អ្នកជំងឺដែលមានជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង។
លោកស្រីបានគូសបញ្ជាក់ថា «ការយល់ដឹង និងការអនុវត្តការថែទាំខ្លួនឯងបានត្រឹមត្រូវ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយផលវិបាក និងការសង្គ្រោះបន្ទាន់ដែលអាចកើតមាន។ ដូច្នេះការអប់រំសុខភាពនៅថ្ងៃនេះ មានគោលបំណង ដើម្បីផ្ដល់ចំណេះដឹង និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នកជំងឺ អំពីការថែទាំខ្លួនឯងប្រកបដោយសុវត្ថិភាព ការសង្កេតរោគសញ្ញាដែលអាចបង្កគ្រោះថ្នាក់ ការការពារផលវិបាក ការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ និងការស្វែងរកសេវាសុខាភិបាលឱ្យបានទាន់ពេលវេលា»។
លើសពីនោះកម្មវិធីនេះបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៤៖
១៖ ជាតិស្ករក្នុងឈាមទាប (Hypoglycemia)៖ មូលហេតុ រោគសញ្ញា កត្តាហានិភ័យ វិធីបង្ការ និងវិធីសង្គ្រោះបឋម
២៖ ការថែទាំជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែម (Diabetic Foot Care)៖ ការត្រួតពិនិត្យជើងប្រចាំថ្ងៃ និងអនាម័យជើង
៣៖ ជំងឺគាំងបេះដូង (Heart Attack) ៖ សញ្ញា រោគសញ្ញា និងសារៈសំខាន់នៃការស្វែងរកជំនួយវេជ្ជសាស្ត្រឱ្យបានឆាប់រហ័ស
៤៖ ជំងឺលើសសម្ពាធឈាម (Hypertension) ៖ ការវាស់សម្ពាធឈាម ការប្រើថ្នាំតាមវេជ្ជបញ្ជា និងការកែប្រែរបៀបរស់នៅ។
លោកស្រីសាស្ត្រាចារ្យជំនួយ ក៏បានសង្កត់ធ្ងន់ថា «ការថែទាំសុខភាពប្រកបដោយសុវត្ថិភាព មិនមែនជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលតែម្នាក់ឯងទេ ប៉ុន្តែត្រូវការការចូលរួមពីអ្នកជំងឺ គ្រួសារ សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបានលទ្ធផលល្អបំផុត។ សុខភាពល្អ ចាប់ផ្តើមពីការយល់ដឹង។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ជួយចែករំលែកចំណេះដឹងនេះបន្តទៅដល់ក្រុមគ្រួសារ និងសហគមន៍ ដើម្បីជួយកាត់បន្ថយហានិភ័យ និងផលវិបាកនៃជំងឺមិនឆ្លង»។
សូមបញ្ជាក់ថាកម្មវិធីនេះមានការចូលរួមពីប្រធាន-អនុប្រធានការិយាល័យ ប្រធាន-អនុប្រធានផ្នែក វេជ្ជបណ្ឌិត នាយសាល-នាយសាលរង មន្រ្តីរាជការ-បុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺ និងបងប្អូនអ្នកជំងឺ មានចំនួនសរុប ១៦៥រូប៕


































