អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ នៅហ្វីលីពីន
16-09-2026 21:39
(ហ្វីលីពីន)៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ (AMCDR) នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយកិច្ចប្រជុំនេះរៀបចំឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងឱកាសនោះ លោក គីម វីរៈ បានផ្តល់មតិយោបល់ និងអន្តរាគមន៍ក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី ដែលដឹកនាំដោយលោក Gilberto C. Teodoro Jr. រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការរងអាស៊ាន។ កិច្ចប្រជុំបានផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ និងមេរៀន ដើម្បីពង្រឹងការប្តេជ្ញាចិត្តរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការត្រៀមបង្ការ កាត់បន្ថយហានិភ័យ ឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្តរាយ ព្រមទាំងកសាងភាពធន់របស់សហគមន៍ និងប្រជាជននៅទូទាំងតំបន់។
ជាមួយគ្នានេះ «សេចក្តីប្រកាសទីក្រុងម៉ានីល ស្តីពីការជំរុញរបៀបវារៈភាពធន់នឹងគ្រោះមហន្តរាយរបស់អាស៊ាន ឆ្ពោះទៅឆ្នាំ ២០៣០ និងលើសពីនេះ» ត្រូវបានអនុម័តជាផ្លូវការដោយប្រធានអង្គប្រជុំ។
បន្ថែមពីនេះ លោក គីម វីរៈ បានបន្តចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាកម្រិតបច្ចេកទេសនានា ដែលផ្តោតលើការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ពីអ្នកជំនាញ និងតំណាងមកពីបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោក ក៏បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងប្រទេសអាស៊ាន ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងបន្តជំរុញភាពជាដៃគូក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្រិតតំបន់។
ក្នុងឱកាសពិធីបិទកិច្ចប្រជុំនេះមានការប្តេជ្ញាចិត្តរួមរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការបន្តអនុវត្តកម្មវិធីការងារ ADMMER និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព ចំពោះហានិភ័យ និងបញ្ហាប្រឈមពីគ្រោះមហន្តរាយ ដែលកំពុងវិវត្តកាន់តែស្មុគស្មាញ និងមានលក្ខណៈពហុវិស័យ។
ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយ បានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកដល់ សាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ព្រមទាំងការចូលរួមប្រកបដោយស្ថាបនា ក្នុងការពង្រឹងយន្តការ និងក្របខណ្ឌសហប្រតិបត្តិការតំបន់ សម្រាប់ការត្រៀមបង្ការ ការកាត់បន្ថយហានិភ័យ ការឆ្លើយតប និងការកសាងភាពធន់នឹងគ្រោះមហន្តរាយ។
ក្នុងនាមកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ដោយផ្តោតលើការការពារជីវិត សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ប្រជាជន ព្រមទាំងការរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដែលមានភាពធន់ សុវត្ថិភាព និងមានសមត្ថភាពប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមពីគ្រោះមហន្តរាយនាពេលអនាគត៕








