FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» ជំរុញការយល់ដឹងពីតួនាទីឪពុកម្ដាយ និងលើកកម្ពស់សមភាពយេនឌ័រ

16-09-2026 21:15

(សៀមរាប)៖ លោកស្រី សេងផល ដាវីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី រួមជាមួយលោកស្រី ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះបានបើកកិច្ចប្រជុំស្ដីពីការចុះប្រមូលព័ត៌មាន និងពិគ្រោះយោបល់ ក្នុងការរៀបចំកម្មវិធីលើកកម្ពស់ «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» ។

ក្នុងឱកាសនោះ លោកស្រី សេងផល ដាវីន បានគូសបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូន។ លើសពីនេះ កម្មវិធីក៏នឹងជំរុញឱ្យបុរសចូលរួមកាន់តែសកម្មក្នុងកិច្ចការគ្រួសារ ការថែទាំកូន និងការចែករំលែកការងារក្នុងផ្ទះ ដើម្បីរួមគ្នាកសាងទំនាក់ទំនងល្អក្នុងគ្រួសារ និងលើកកម្ពស់សមភាពយេនឌ័រឱ្យកាន់តែប្រសើរឡើង។

លោកស្រីបានបន្តថា ការចុះប្រមូលព័ត៌មាន និងពិគ្រោះយោបល់នៅតាមបណ្តាខេត្តនាពេលនេះ គឺដើម្បីប្រមូលធាតុចូល និងពិគ្រោះមតិយោបល់ជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការរៀបចំចងក្រងសេចក្តីព្រាងក្របខណ្ឌកម្មវិធីឱ្យបានគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្ដែងរបស់ក្រុមគោលដៅ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ កម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» នេះគឺជាក្របខណ្ឌកម្មវិធីថ្មី និងជាផែនទីបង្ហាញផ្លូវក្នុងការសម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤-២០២៨) ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការចិញ្ចឹមកូនបែបវិជ្ជមាន ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការលើកកម្ពស់តម្លៃស្ត្រី និងការបង្កើតបរិយាកាសគ្រួសារប្រកបដោយសុខុមាលភាព។

តាមរយៈកម្មវិធីនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍស្ត្រី គ្រួសារ និងសង្គម រួមចំណែកឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់។ គោលបំណងចុងក្រោយគឺការលើកកម្ពស់តួនាទីគ្រួសារ តម្លៃស្ត្រី និងសហគមន៍ ឱ្យទទួលបាននូវសុខសុវត្ថិភាព សុខុមាលភាព និងភាពសុខដុមរមនាក្នុងសង្គម តាមរយៈការបណ្តុះសីលធម៌ គុណធម៌ និងនិយាមសង្គមវិជ្ជមានគាំទ្រដល់សមភាពយេនឌ័រ។

លោកស្រី ស៊ិន ណម បានវាយតម្លៃខ្ពស់ចំពោះការចុះប្រមូលព័ត៌មាន និងពិគ្រោះយោបល់របស់ក្រុមការងារក្រសួងកិច្ចការនារី ដែលបានផ្តល់ឱកាសដល់ថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធនៅមូលដ្ឋាន ចូលរួមបង្ហាញពីស្ថានភាពជាក់ស្ដែង បញ្ហាប្រឈម បទពិសោធន៍ល្អៗ និងសំណូមពរនានា ដើម្បីធ្វើជាធាតុចូលសម្រាប់ការរៀបចំកម្មវិធីឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានជាក់ស្ដែង។

លោកស្រី បានបន្តថា ក្រុមការងារខេត្តនឹងបន្តចូលរួមសហការ និងគាំទ្រដល់ក្រសួងកិច្ចការនារី ក្នុងការជំរុញកម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» ដោយរំពឹងថា កម្មវិធីនេះនឹងក្លាយជាឧបករណ៍មួយដ៏មានសារៈសំខាន់សម្រាប់ការលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្ដាយ ការចិញ្ចឹមបីបាច់កូនប្រកបដោយភាពវិជ្ជមាន ការចែករំលែកការទទួលខុសត្រូវក្នុងគ្រួសារ និងការបង្កើតបរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់ សុវត្ថិភាព សមភាពនិងសុខដុមរមនា។

ជាមួយគ្នានេះ លោកស្រីបញ្ជាក់ថា មន្ទីរនិងអង្គភាពពាក់ព័ន្ធទទួលបន្ទុកការងារស្ត្រី និងកុមារ បានផ្តល់មតិយោបល់ថា កម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» គួរផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការចូលរួមរបស់បុរស និងឪពុកក្នុងកិច្ចការគ្រួសារ និងការចិញ្ចឹមបីបាច់កូន។ ហើយការថែទាំ និងអប់រំកូនមិនគួរត្រូវបានចាត់ទុកថាជាកាតព្វកិច្ចរបស់ម្ដាយតែម្នាក់នោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ឪពុក និងម្ដាយផងដែរ៕