FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះរដ្ឋបាលនៅតាមទីតាំងចំនួន១០កន្លែង នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ២៣នាក់ តែមិនមានបទល្មើស Online Scams នោះឡើយ

16-09-2026 18:07

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួម សហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត បានចុះអនុវត្តការងាររដ្ឋបាល១០ទីតាំង នៅក្រុងប៉ោយប៉ែត ដើម្បីស្វែងរកបទល្មើស Online Scams។

តែការចុះរដ្ឋបាលនេះ មិនមានទីតាំងណាមួយលួចប្រព្រឹត្តបទល្មើស Online Scams នោះទេ។

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពេលចុះរដ្ឋបាលកម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសស្នាក់នៅចំនួន ២៣នាក់ ស្រី៩នាក់ (ជនជាតិថៃចំនួន ៦នាក់ ស្រី ២នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ៨នាក់ ស្រី ០៤នាក់ ជនជាតិចិន ៩នាក់ ស្រី ៣នាក់) ក្នុងនោះមានឯកសារត្រឹមត្រូវចំនួន ១៧នាក់ គ្មានឯកសារ៦នាក់។

ប្រតិបត្តិការចុះតាមរដ្ឋបាលនេះ បានធ្វើឡើងក្រោមការបញ្ជាពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត​ និងក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

របាយការណ៍បានបញ្ជាក់ថា ទីតាំងដែលបានចុះការងាររដ្ឋបាលរួមមាន៖

*ទី១៖ សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុងប៉ោយប៉ែត ចុះអនុវត្តបានចំនួន ០៥គោលដៅ រកឃើញជនបរទេសស្នាក់នៅចំនួន ៥នាក់ ស្រី ២នាក់ (ជនជាតិថៃ ១៥នាក់ ស្រី ០២) មានឯកសារត្រឹមត្រូវ និងពុំមានពាក់ព័ន្ធបទល្មើសស្តេមអនឡាញ។

*ទី២៖ សង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង អនុវត្តបានចំនួន ០២គោលដៅ រកឃើញជនបរទេសស្នាក់នៅចំនួន ៨នាក់ ស្រី ៤នាក់ (ឥណ្ឌូនេស៊ី ) មានឯកសារត្រឹមត្រូវទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្នេមអនឡាញទេ។

*ទី៣៖ សង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាង អភិបាលរងក្រុង ចុះអនុវត្តបានចំនួន ៣ទីតាំង មានជនបរទេសស្នាក់នៅចំនួន ១០នាក់ ស្រី ៣នាក់ (ជនជាតិចិន ៤នាក់ ស្រី ១នាក់ ជនជាតិថៃ ៦នាក់ ស្រី ២នាក់) មានឯកសារត្រឹមត្រូវ ៤នាក់ មិនមានឯកសារ ៦នាក់ (ជនជាតិថៃ) ពុំមានបទល្មើសស្កេម៕