FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ងាយស្រួលរកការងារធ្វើ និងទំនាក់ទំនងល្អដ៏យូរលង់រវាងកម្ពុជា-ចិន ជំរុញឱ្យអ្នកគ្រូ Zhou Zili ហៅ សន្យា រៀនភាសាខ្មែរ និងកំពុងបង្រៀនភាសាខ្មែរ ថ្នាក់បរិញ្ញាបត្រដល់និស្សិតចិន (Video inside)

16-09-2026 17:42

(ភ្នំពេញ)៖ អ្នកគ្រូ Zhou Zili ជាជនជាតិចិន និងមានឈ្មោះក្រៅដែលគេស្គាល់ថា «សន្យា» ជាគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រភាសាខ្មែរដល់និស្សិតចិន នៅសាកលវិទ្យាល័យ Yunnan Normal University ក្នុងខេត្តគុនមីញ ប្រទេសចិន បានបញ្ជាក់ពីការសម្រេចចិត្តជ្រើសរើសរៀនភាសាខ្មែរ ដោយសារភាសាខ្មែរងាយស្រួលរកការងារធ្វើនៅប្រទេសចិន ហើយក៏ដោយសារតែសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា មានទំនាក់ទំនងល្អជាមួយគ្នាជាយូរលង់មកហើយ។

ក្នុងបទសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News អ្នកគ្រូ Zhou Zili បានលើកឡើងថា «ខ្ញុំជ្រើសរើសរៀនភាសាខ្មែរ ដោយសារខេត្តយូណាន ជាប់ព្រំដែនជាមួយប្រទេសឡាវ មីយ៉ាន់ម៉ា ហើយខ្ញុំជ្រើសរើសរៀនភាសាខ្មែរ ក៏ដោយសារប្រទេសកម្ពុជា និងចិន មានទំនាក់ទំនងល្អតាំងពីប្រវត្តិសាស្ត្រ ដូច្នេះខ្ញុំជ្រើសរើសរៀនភាសាខ្មែរ»។

អ្នកគ្រូ Zhou Zili បានបន្ថែមទៀតថា នៅសាកលវិទ្យាល័យ Yunnan Normal University បានចាប់ផ្ដើមបើកបង្រៀនថ្នាក់បរិញ្ញាបត្រភាសាខ្មែរដល់និស្សិតចិនចាប់តាំងពីឆ្នាំ២០១ ៤មកម្ល៉េះ និងមានការចាប់អារម្មណ៍ពីនិស្សិតចិនជាច្រើន ក្នុងការរៀនបរិញ្ញាបត្រភាសាខ្មែរ ដោយសារចេះភាសាខ្មែរ គឺងាយស្រួលក្នុងការរកការងារធ្វើផងដែរ ហើយការរៀនភាសាខ្មែរ គឺដើម្បីវឌ្ឍនភាពចិន និងកម្ពុជាផងដែរ។

អ្នកគ្រូ Zhou Zili ក៏បានបញ្ជាក់ដែរថា ការចេះភាសាខ្មែរបានរួមចំណែកយ៉ាងសំខាន់ ក្នុងការស្វែងយល់ពីវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់កម្ពុជា តាមរយៈការមើលសៀវភៅជាភាសាខ្មែរ ហើយរឹតតែសំខាន់នោះ គឺការបង្កើនទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

អ្នកគ្រូ Zhou Zili អាចបកប្រែភាសាខ្មែរបានយ៉ងល្អ និងស្ទាត់ជំនាញ ដែលជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ចិន៕