FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះ ៤៧គ្រួសារ ក្នុងស្រុកបុរីជលសារ

16-09-2026 17:13

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋចំនួន ៤៧គ្រួសារ នៅក្នុងស្រុកបុរីជលសារ ខេត្តតាកែវ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមទិសស្លោក “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច”។

លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានលើកឡើងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបណ្ដាលឱ្យមានកម្ដៅក្ដៅ រាំងស្ងួត ប៉ះពាល់ដល់ផលដំណាំ និងការរស់នៅ។ លោកបានណែនាំឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព ប្រើប្រាស់ទឹកដោយសន្សំសំចៃ ដាំដើមឈើនៅជុំវិញផ្ទះឱ្យបានច្រើន ដើម្បីការពារគ្រោះធម្មជាតិ និងត្រូវប្រុងប្រយ័ត្នជានិច្ចពេលមានភ្លៀង ឬខ្យល់កន្ត្រាក់ម្ដងៗ។ លោកអភិបាលខេត្តក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានស្វែងរកទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋពេលមានគ្រោះអាសន្ន និងត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥ គីឡូក្រាម ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំ១កញ្ចប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកា ៥ម៉ឺនរៀលផងដែរ។ ការចែកអំណោយនេះបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ៕