FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ហួត ហាក់៖ ខេត្តកំពង់ចាម បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ថ្មីៗ សំដៅប្រែក្លាយខេត្តជាគោលដៅសម្រាកកាយចុងសប្តាហ៍ដ៏ទាក់ទាញ

16-09-2026 16:42

(កំពង់ចាម)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ផែនការនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្ត ក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិតផល និងបទពិសោធន៍ទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់។

ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងអង្គភាព និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ យុវជន ស.ស.យ.ក. និងអ្នកផលិតមាតិកាព័ត៌មាន ប្រមាណ៣០០នាក់។

ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលជាច្រើនដែលខេត្តកំពង់ចាមសម្រេចបាន ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត និងការចូលរួមរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

លោកបានបញ្ជាក់ថា សមិទ្ធផលទាំងផ្នែករឹង និងផ្នែកទន់ មិនត្រឹមតែបានលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងពង្រីកការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ បង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់ការធ្វើធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

លោក ហួត ហាក់ បានបន្តថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបានគូសបញ្ជាក់ថា វឌ្ឍនភាពទាំងនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ព្រមទាំងជាច្រកតភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្តាខេត្តភូមិភាគឦសាន។

ជាមួយគ្នានេះ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានកត់សម្គាល់ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ខេត្តកំពង់ចាម ដែលនឹងលេចរូបរាងឡើងនាពេលឆាប់ៗខាងមុខ ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

គម្រោងសំខាន់ៗទាំងនោះ រួមមាន កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចទេសចរណ៍ ការជួសជុលកែលម្អច្រាំងទន្លេ ការរៀបចំសួនតេជោធិបតី និងការរៀបចំផ្លូវថ្មើរជើង ដែលនឹងចូលរួមជំរុញសកម្មភាពទេសចរណ៍នាពេលរាត្រី។

ទន្ទឹមនេះ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសម្បទាគាំទ្រវិស័យទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗដែលមានភាពច្នៃប្រតិដ្ឋ ព្រមទាំងគម្រោងសាងសង់រូបសំណាកដែលជាអត្តសញ្ញាណរបស់ខេត្ត នឹងរួមចំណែកបង្កើតផលិតផលទេសចរណ៍ដែលមានភាពទាក់ទាញ និងមានតម្លៃបន្ថែមខ្ពស់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ចាម៕