FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋជិត៤,០០០គ្រួសារ ថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ នៅឃុំទ្រៀល និងឃុំពង្រ ស្រុកតាំងគោក

16-09-2026 16:41

(កំពង់ធំ)៖ ប្រជាពលរដ្ឋជិត៤,០០០គ្រួសារ រស់នៅឃុំទ្រៀល និងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ បានបង្ហាញនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ជូនពួកគាត់ ដែលជាឯកសារគតិយុត្តិបញ្ជាក់ពីសិទ្ធិកម្មសិទ្ធិ និងផ្តល់សុវត្ថិភាពផ្លូវច្បាប់លើអចលនវត្ថុរបស់ខ្លួន។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងពីរឃុំ បានប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ក្នុងឱកាសនោះអភិបាលខេត្ត បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យដីធ្លី បង្កើនសុវត្ថិភាពកម្មសិទ្ធិ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដោយផ្អែកលើគោលការណ៍សមធម៌ តម្លាភាព និងការទទួលខុសត្រូវ។

លោកបញ្ជាក់ថា បណ្ណកម្មសិទ្ធិ គឺជាឯកសារគតិយុត្តិដែលទទួលបានការការពារតាមច្បាប់ និងជាភស្តុតាងបញ្ជាក់ពីសិទ្ធិកម្មសិទ្ធិរបស់ប្រជាពលរដ្ឋលើអចលនវត្ថុ។

បណ្ណកម្មសិទ្ធិក៏អាចផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដោយអាចប្រើប្រាស់ជាឯកសារសម្រាប់ធានាការខ្ចីប្រាក់ពីធនាគារ ធ្វើប្រតិបត្តិការផ្ទេរ លក់-ទិញ ឬធ្វើអំណោយ តាមនីតិវិធីច្បាប់។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ ត្រូវរក្សាទុកឱ្យបានល្អ និងប្រុងប្រយ័ត្ន ជាពិសេសគួរដាក់ក្នុងស្រោម ឬថង់ប្លាស្ទិកសម្រាប់ការពារ ប៉ុន្តែមិនគួរយកទៅអ៊ុតប្លាស្ទិករឹង ដូចអត្តសញ្ញាណប័ណ្ណឡើយ។ មូលហេតុគឺនៅពេលមានការលក់-ទិញ ឬផ្ទេរអំណោយនៅពេលក្រោយ អាជ្ញាធរសុរិយោដីត្រូវធ្វើលេខាចារឹកលើបណ្ណ ហើយការអ៊ុតរឹងអាចបង្កការលំបាក និងធ្វើឱ្យបណ្ណខូចខាតនៅពេលបកស្រទាប់ការពារ។

ជាមួយគ្នានេះ ការទទួលបានបណ្ណកម្មសិទ្ធិបានផ្តល់នូវភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាពលរដ្ឋ ព្រោះពួកគាត់មានឯកសារផ្លូវច្បាប់ច្បាស់លាស់សម្រាប់ការកាន់កាប់ និងប្រើប្រាស់អចលនវត្ថុរបស់ខ្លួន។ ការមានកម្មសិទ្ធិច្បាស់លាស់ក៏អាចរួមចំណែកកាត់បន្ថយហានិភ័យនៃទំនាស់ដីធ្លី និងបង្កើនលទ្ធភាពប្រើប្រាស់ទ្រព្យសម្បត្តិរបស់គ្រួសារឱ្យមានប្រសិទ្ធភាព។

លោក អ៉ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវបានអនុវត្តជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដី ដើម្បីផ្តល់ភាពច្បាស់លាស់ និងសុវត្ថិភាពដល់សិទ្ធិកម្មសិទ្ធិ។

លោកបានបញ្ជាក់ថា ក្នុងពិធីនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៦,២៩៧ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៣,៦៨៤គ្រួសារ នៅក្នុងភូមិចំនួន៥ នៃឃុំទ្រៀល និងឃុំពង្រ ស្រុកតាំងគោក។ ក្នុងនោះ រួមមាន៖ ភូមិទ្រៀល ចំនួន៩០៦បណ្ណ ស្មើ៣៣០គ្រួសារ, ភូមិព្រៃវែង ចំនួន១,៣៥៨បណ្ណ ស្មើ១៩៤គ្រួសារ, ភូមិស្រះសំបូរ ចំនួន១,០៤៣បណ្ណ ស្មើ៦៧០គ្រួសារ, ភូមិថ្នល់កែង ចំនួន២,២៧៩បណ្ណ ស្មើ១,៩៩៥គ្រួសារ និងភូមិអមទង ចំនួន៧១១បណ្ណ ស្មើ៤៩៥គ្រួសារ។

ការទទួលបានបណ្ណកម្មសិទ្ធិទាំងនេះ បានក្លាយជាឯកសារសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជាក់ពីសិទ្ធិកម្មសិទ្ធិ និងប្រើប្រាស់អចលនវត្ថុរបស់ខ្លួនតាមផ្លូវច្បាប់ ព្រមទាំងជាមូលដ្ឋានមួយ សម្រាប់បង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ និងការអភិវឌ្ឍជីវភាពគ្រួសារនាពេលអនាគត៕