FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មករនិយោជិតនៅកម្ពុជា ចង់បានការដំឡើងប្រាក់ឈ្នួល ប៉ុន្តែក្នុងកម្រិតសមរម្យ និងមិនធ្វើឱ្យបាត់បង់ការងារ និងបង្កើតការងារថ្មី ដល់ពលរដ្ឋផ្សេងទៀតនោះទេ

16-09-2026 15:26

(ភ្នំពេញ)៖ កម្មករនិយោជិតនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំថ្មី ប៉ុន្តែស្នើឱ្យការដំឡើងនេះ ធ្វើឡើងក្នុងកម្រិតសមរម្យ ដោយគិតគូរពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារការងារ ដើម្បីធានាការរក្សាការងារដែលមានស្រាប់ ព្រមទាំងជំរុញការបង្កើតឱកាសការងារថ្មីៗជូនប្រជាពលរដ្ឋ។

កម្មករនិយោជិតមួយចំនួនដែលកំពុងបម្រើការងារនៅតាមរោងចក្រក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល គឺជាបំណងប្រាថ្នារបស់កម្មករ ប៉ុន្តែការដំឡើងគួរតែស្របតាមស្ថានភាពជាក់ស្តែង និងសមត្ថភាពរបស់សហគ្រាស ដើម្បីកុំឱ្យប៉ះពាល់ដល់ការរក្សាការងារ។

អ្នកស្រី ធន ស្រីពៅ កម្មការិនីរោងចក្រម្នាក់ បាននិយាយថា៖ «ក្នុងនាមកម្មការិនីម្នាក់ ខ្ញុំពិតជាចង់ឱ្យមានការដំឡើងប្រាក់ឈ្នួល តែសូមឱ្យឡើងសមរម្យ។ ខ្ញុំអត់ចង់បានប្រាក់ខែឡើងហួសហេតុទេ ពេលយើងទាមទារច្រើនហួសពីសមត្ថភាពក្រុមហ៊ុន ពេលរោងចក្របិទ អត់មានការងារធ្វើ ប្រាក់ឈ្នួលក៏អត់ ដាច់បាយទាំងអស់គ្នា»

លោក គ្រីម ហ៊ីម កម្មករម្នាក់ទៀត បានលើកឡើងថា៖ «ប្រាក់ខែគោល ខ្ញុំក៏ចង់ឱ្យគាត់ផ្តល់ឱ្យច្រើនដែរ តែបើផ្តល់ច្រើនពេក ធ្វើឱ្យប៉ះពាល់ ខ្ញុំក៏មិនចង់បានដែរ។ ធ្វើម៉េចឱ្យមានការសហការគ្នា ដំឡើងប្រាក់ឈ្នួលដែលក្រុមហ៊ុន និងកម្មករអាចទទួលយកបានទាំងអស់គ្នា»

ជាមួយគ្នានេះ កម្មករនិយោជិតមួយចំនួនទៀតបានបង្ហាញការព្រួយបារម្ភថា ការដំឡើងប្រាក់ឈ្នួលខ្ពស់ហួសពីសមត្ថភាពរបស់សហគ្រាស អាចបង្កើនសម្ពាធលើការចំណាយរបស់រោងចក្រ និងប៉ះពាល់ដល់ការរក្សាការងារ។

លោក តៃ វ៉េងសៀង បាននិយាយថា៖ «កាលណាទាមទារការដំឡើងប្រាក់ឈ្នួលខ្ពស់ពេក ពេលក្រុមហ៊ុនបិទទៅ វាអត់អាចរកការងារណា បានលើសហ្នឹងទេ ព្រោះឥឡូវពិបាករកការងារធ្វើណាស់»

អ្នកស្រី ម៉ៅ ស៊ីណា ក៏បានស្នើឱ្យការដំឡើងប្រាក់ឈ្នួលធ្វើឡើងតាមសមត្ថភាព និងក្នុងកម្រិតសមរម្យ ដោយថា៖ «ខ្ញុំបារម្ភខ្លាចការដំឡើងខ្ពស់ ហួសហេតុពេក នាំឱ្យរោងចក្របិទ ដែលធ្វើឱ្យខ្ញុំអត់មានការងារធ្វើ»

តាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ការកំណត់ប្រាក់ឈ្នួលអប្បបរមាត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចសំខាន់ៗចំនួន៧ ដើម្បីធានាភាពសមស្រប និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែង។ ការកំណត់ប្រាក់ឈ្នួលក៏មានគោលបំណងធានាប្រាក់ចំណូលសមរម្យ សម្រាប់កម្មករនិយោជិត ស្របពេលរក្សាសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស និងការពារឱកាសការងារនៅក្នុងទីផ្សារការងារ៕