FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមារកំព្រា ៣នាក់ ដែលមានជីវភាពទីទ័លក្រ នៅភូមិអូរគ្រៀត ឃុំគារ

16-09-2026 15:25

(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ដឹកនាំដោយលោក ទន់ សុផន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនគ្រួសារកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ និងកំពុងស្នាក់នៅរួមរស់ជាមួយអ៊ុំ ស្ថិតនៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

កុមារកំព្រាទាំង ៣នាក់ ដែលជាអនាគតទំពាំងស្នងឫស្សីកំពុងជួបការខ្វះខាត និងទទួលបានការឧបត្ថម្ភនាពេលនេះរួមមាន៖ ១៖ ឈ្មោះ សុផល សុភា ភេទប្រុស អាយុ ១៥ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១០)។ ២៖ ឈ្មោះ សុផល ចាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ (បោះបង់ការសិក្សា) និងទី៣៖ ឈ្មោះ សុផល សុខហេង ភេទប្រុស អាយុ ៧ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១)។

ក្នុងឱកាសដ៏ក្តុកក្ដួល និងប្រកបដោយក្តីមេត្តាករុណានោះ លោក ទន់ សុផន ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុតពីសំណាក់ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលព្រះអង្គតែងតែគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ជនក្រីក្រ និងកុមារកំព្រា ដោយគ្មានការរើសអើង ឬបោះបង់ចោលណាម្នាក់ឡើយ។

ជាមួយគ្នានេះដែរ លោកប្រធានអនុសាខាក៏បានផ្តល់នូវការលើកទឹកចិត្ត និងផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ ខិតខំថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងជំរុញឱ្យក្មួយៗដែលកំពុងរៀនបន្តខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង ១គ្រួសារៗ ទទួលបានសម្ភារ និងថវិកា រួមមាន៖ អង្ករ ២៥ គីឡូក្រាមមីជាតិ ១ កេស ទឹកត្រី ១យួរទឹក ស៊ីអ៉ីវ ១ យួរឃីត (សម្ភារៈប្រើប្រាស់ រួមមាន៖ កន្ទេល មុង ភួយ ខ្នើយ និងកន្សែងពោះគោ)៖ ១កញ្ចប់ និងឧបត្ថម្ភ ថវិកាចំនួន ៥០,០០០រៀល៕