បណ្ឌិតសភាចារ្យ សុខ ទូច ថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់កំណើនបៃតង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់
16-09-2026 14:53
(ខេត្តង៉េអាន-ប្រទេសវៀតណាម)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសុន្ទរកថាបើកក្នុងកម្មវិធីសិក្ខាសាលាស្តីពី «ការផ្តល់ហិរញ្ញប្បទានសម្រាប់កំណើនបៃតងនៅវៀតណាម ឡាវ និងកម្ពុជា៖ បទពិសោធន៍របស់កូរ៉េ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់»។
សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងវិទ្យាស្ថានបរិស្ថានកូរ៉េ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងគិតគូរដល់បរិស្ថាន។
ក្នុងក្របខណ្ឌនៃសិក្ខាសាលានេះ ការពិភាក្សានឹងផ្តោតលើបទពិសោធន៍របស់ប្រទេសកូរ៉េក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់កំណើនបៃតង ព្រមទាំងការស្វែងរកយន្តការ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា វៀតណាម និងឡាវ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន។
សិក្ខាសាលានេះក៏ជាវេទិកាផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈរវាងស្ថាប័នស្រាវជ្រាវ និងអ្នកពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការកំណត់ទិសដៅ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងបួនរំពឹងថា នឹងអាចពង្រឹងទំនាក់ទំនងស្ថាប័ន និងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកបរិស្ថានក្នុងតំបន់៕
















