FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រមណីយដ្ឋានបឹងកន្សែង ខេត្តរតនគិរី កំពុងប្រែក្លាយមុខមាត់ថ្មីទាក់ទាញភ្ញៀវទេសចរ

16-09-2026 14:41

(រតនគិរី)៖ រមណីយដ្ឋានបឹងកន្សែង ដែលស្ថិតនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កំពុងតែបង្ហាញវត្តមានថ្មីមួយប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង ចំពោះភ្ញៀវទេសចរទាំងក្នុងស្រុក និងមកពីបណ្ដាខេត្តនានា។

ការប្រែក្លាយនេះ គឺក្រោមការដឹកនាំយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានខិតខំរៀបចំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព និងបរិស្ថានឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅ និងលំហែកាយរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង។

ជាក់ស្ដែង កន្លងទៅថ្មីៗនេះ រមណីយដ្ឋានបឹងកន្សែង ត្រូវបានរៀបចំយ៉ាងស្រស់ស្អាត រហូតទទួលបានការកោតសរសើរពី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា មានភាពស្រស់ស្អាតដូចរូបភាព (AI)។

ជាមួយគ្នានេះ នៅតាមមាត់បឹងកន្សែង ក៏ត្រូវបានកែលម្អដោយមានការដាំផ្កាចម្រុះពណ៌ បំពាក់ភ្លើងសូឡាបន្ថែម ដើម្បីបង្កើនសោភ័ណភាពនៅពេលរាត្រី បង្កើតកន្លែងហាត់ប្រាណ កន្លែងលំហែកាយ បណ្ណាល័យសាធារណៈ ហាងលក់សម្ភារៈផ្សេងៗ ហាងកាហ្វេ រូបសំណាកលោកតាប៊ូ ជួង ដែលជាទីសក្ការៈបូជាសម្រាប់សុំសេចក្ដីសុខ និងជាពិសេស «ស្ពានជួបស្នេហ៍» ដែលជាចំណុចទាក់ទាញថ្មីមួយ។

ការកសាងនូវសមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការត្រេកអរ និងអបអរសាទរយ៉ាងខ្លាំង ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំប្រឹងប្រែងកសាងកន្លែង ទេសចរណ៍ដ៏ទាក់ទាញនេះឡើង។

តាមរយៈការរៀបចំ និងកែលម្អជាបន្តបន្ទាប់ រមណីយដ្ឋានបឹងកន្សែង ក្រុងបានលុង កំពុងតែឆ្ពោះទៅរកការបង្កើនសក្ដានុពលសម្រាប់សេដ្ឋកិច្ចទេសចរណ៍ ហើយនៅពេលអនាគត ភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងមកពីបណ្ដាខេត្តផ្សេងៗ ពិតជាមិនរំលងទីនេះឡើយ៕