មន្ត្រីជំនាញ ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទំនិញគ្រឿងសំណង់ និងគ្រឿងបន្លាស់ម៉ូតូ ដើម្បីទប់ស្កាត់សារធាតុពុលអាសបេស្តុស
16-09-2026 14:32
(ព្រះសីហនុ)៖ មន្ត្រីនៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះប្រតិបត្តិការស្រាវជ្រាវ និងប្រមូលសំណាកគំរូទំនិញសង្ស័យ ដើម្បីត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ព្រមទាំងការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃសារធាតុគីមីអាសបេស្តុស (Asbestos)។
ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ពីមន្ត្រីជំនាញ ការចុះប្រតិបត្តិការនេះបានផ្តោតសំខាន់លើផលិតផលពីរក្រុមធំៗ គឺគ្រឿងសំណង់ រួមមាន ស្មាតបត (Smartboard) ហ្វីប្រូស៊ីម៉ង់ត៍ ពិដាន/ម្នាងសិលា/បិតស៊ីម៉ង់ត៍ ក្បឿង ការ៉ូឈើ និងផ្លែម៉ូទ័រកាត់ដែក/ខាត់ឈើ។
ចំណែកឯគ្រឿងបន្លាស់ម៉ូតូ រួមមាន ស្បែកហ្វាំង ទ្រនាប់រ៉ងម៉ាស៊ីន និងអំបោះឆៅរុំស៊ីម៉ាំង។ ការប្រមូលសំណាកទាំងនេះ គឺដើម្បីយកទៅធ្វើតេស្តរកមើលវត្តមានសារធាតុអាសបេស្តុស ដែលជាសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។
សារធាតុអាសបេស្តុស ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាសារធាតុគីមីបង្កគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរ និងជាភ្នាក់ងារបង្កជំងឺមហារីកលើមនុស្ស ដូចជាមហារីកស្រោមសួត មហារីកសួត និងជំងឺអាសបេស្តូស៊ីស។ គ្រោះថ្នាក់កើតឡើងនៅពេលសរសៃអាសបេស្តុសល្អិតៗហោះអណ្តែតក្នុងខ្យល់ ដោយសារការកែច្នៃ ការកាត់ ការឆ្កៀល ស្វាន ឬខាត់ផលិតផលដែលមានផ្ទុកសារធាតុនេះ។ សារធាតុនេះគ្មានក្លិន និងមើលមិនឃើញដោយភ្នែកទទេ ហើយរោគសញ្ញាជំងឺអាចបង្ហាញឡើងក្រោយរយៈពេល ១០ ទៅ ៤០ឆ្នាំ។
ការយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងការទប់ស្កាត់សារធាតុអាសបេស្តុស គឺដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរដែលបង្កឡើងដោយសារធាតុពុលនេះ។ ក.ប.ប. ខេត្តព្រះសីហនុ បន្តអំពាវនាវដល់អាជីវករ និងសាធារណជន ឱ្យយកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពផលិតផល ដើម្បីរួមចំណែកដល់សុខុមាលភាពសង្គម៕


















