រដ្ឋមន្ត្រី ហែម វណ្ណឌី ឧបត្ថម្ភថវិកា ៥,០០០ដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងទិវា ៨ ឧសភា
16-09-2026 14:26
(បាត់ដំបង)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករតនមណ្ឌល និងស្រុកសង្កែ រួមជាមួយលោកស្រី បានបន្តបង្ហាញនូវទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ដោយបានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារអាម៉េរិក ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។
ពិធីប្រគល់-ទទួលនេះបានធ្វើឡើងក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសធម៌របស់លោក ហែម វណ្ណឌី និងលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារមនុស្សធម៌។
លោកបានបញ្ជាក់ថា ថវិកាដែលបានបរិច្ចាគនេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ជួយដល់គ្រួសារដែលកំពុងជួបការលំបាក គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងផ្តល់ជាកម្លាំងចិត្ត និងក្តីសង្ឃឹមដល់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស ដែលបង្ហាញថាពួកគាត់មិនត្រូវបានបំភ្លេចចោលឡើយ។
ការចូលរួមរបស់សប្បុរសជន គឺជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលធានាថាជំនួយទៅដល់ដៃអ្នករងគ្រោះដោយផ្ទាល់។ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តចូលរួមបរិច្ចាគតាមរយៈក្រុមការងារនៅទីស្នាក់ការសាខា ឬតាមរយៈគណនីធនាគាររបស់សាខា ដើម្បីបន្តសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ៕




