FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើជាខ្នងបង្អែកសមត្ថកិច្ច ក្នុងការបន្តបង្ក្រាបស្កេមអនឡាញដោយមិនបន្ធូរដៃ ហើយមិនបាច់ខ្លាចប៉ះអារម្មណ៍នរណាឡើយ (Video inside)

16-09-2026 13:07

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសធ្វើជាខ្នងបង្អែករបស់សមត្ថកិច្ច ក្នុងការបន្តបង្ក្រាបស្កេមអនឡាញដោយមិនបន្ធូរដៃដើម្បីប្រទេសជាតិទាំងមូល ហើយប្រាប់ដល់អ្នកអនុវត្តច្បាប់ទាំងអស់ថា មិនបាច់ខ្លាចប៉ះអារម្មណ៍នរណាឡើយ។

ការប្រកាសរបស់ សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីកម្ពុជាបើកយុទ្ធនាការយ៉ាងខ្លាំងក្លា ក្នុងការបង្ក្រាបលុបបំបាត់ស្កេមអនឡាញ នៅក្នុងប្រទេស។

សម្តេចគូសបានបញ្ជាក់ថា «កន្លែងខ្លះ ត្រូវតែធ្វើការវះកាត់ធំ លឿន ឈឺ ហូរឈាម តែបើមិនអញ្ចឹងទេវានឹងប៉ះពាល់ខ្លួនទាំងមូលតែម្ដង។ ស្កែមកើតតែនៅតំបន់មួយទេ​ ប៉ុន្តែវាប៉ះពាល់កិត្តិនាមប្រទេសជាតិរបស់យើងធ្វើឲ្យធ្លាក់ទេសចរ ដែលប៉ះពាល់អ្នកអត់ដឹងអីរាប់រាប់លាននាក់»

សម្តេចបានលើកអំពីមតិនៅលើបណ្តាញសង្កមមួយចំនួន ដែលនិយាយថា ការបង្ក្រាបស្កេមអនឡាញបានប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋ ដោយសារតែបានចាប់ និងបណ្តេញឧក្រិដ្ឋជនបរទេសដែលពាក់ព័ន្ធចេញពីប្រទេស ហើយមានអ្នកខ្លះថាចង់បានស្ថានភាពដូចមុនត្រឡប់មកវិញ។

សម្តេចលើកឡើងបន្ថែមថា «ម្នាក់ៗថាដេញចិនអស់ អត់ទេ ! ចិនវិនិយោគបើករោងចក្រកាគោកនៅយើងហ្នឹង តែបើបើករោងចក្រផលិតការឆបោកហ្នឹង អត់បានទេ ហើយឥឡូវបោកច្រើន ឥឡូវបោកមិនមែនក្រៅប្រទេសបោកក្នុងប្រទេសច្រើន ខ្ញុំឃើញ»

ពាក់ព័ន្ធនឹងការឆបោកនេះ សម្តេចបានណែនាំឱ្យក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ គណៈកម្មការប្រឆាំងការឆោបោកតាមអនឡាយសហការគ្នា ដើម្បីទប់ស្កាត់ ការឆបោកប្រជាពលរដ្ឋខ្មែរ ដោយតាមទូរស័ព្ទ ក៏ដូចជាបច្ចេកវិទ្យាផ្សេងៗ។

សម្តេចបានទទួលស្គាល់ថា ការបង្ក្រាបស្កេមអនឡាញ បានធ្វើឡើងពលរដ្ឋខ្មែរមួយចំនួន ដែលធ្លាប់អាស្រ័យផលពីអ្នកទាំងនោះបាត់ចំណូល ដោយក្នុងនោះមានអ្នកជួលអគារ អ្នកជួលឡាន អ្នកលក់ដូរជាដើម ប៉ុន្តែសម្តេចក៏បានជំរុញឱ្យពួកគេផ្លាស់ប្តូរទៅមុខរបរផ្សេងទៀត ដោយមិនត្រូវពឹងលើផលប្រយោជន៍ពីស្កេមនោះឡើយ។

ជាមួយនឹងកាណែនាំឱ្យសមត្ថកិច្ចបង្ក្រាបស្កេម ដោយមិនបន្ធូរដៃ សម្តេចបានបញ្ជាក់ថា «ធ្វើការងារ(ការបង្ក្រាប) ហ្នឹងងបន្តទៀត អត់ថយក្រោយទេ ខ្ញុំនិយាយឲ្យច្បាស់អ្នកខ្លះថា ធ្វើខែ៤ចប់ខែ៦ អត់ទេ អ្នកខ្លះថាធ្វើខែ៦ហើយចាំខែ១២ អ្នកខ្លះថាអត់ទេបន្តិចទៀតរដ្ឋាភិបាលឲ្យបើកហើយបិទអនឡាយ តែឲ្យភ្នាល់អនឡាញ អត់ទេ អ្នកខ្លះដើរធានារួចហើយរត់ការ License អត់ទេ ហើយកម្ពុជាក៏មិនត្រូវការពឹងផ្អែកទៅលើសេដ្ឋកិច្ចពីកាស៊ីណូ ឬអនឡាញស្កេមនេះទេ យើងត្រូវពឹងផ្អែកទៅលើសេដ្ឋកិច្ចផ្សេងទៀតដែលយើងមានច្រើនណាស់»

សម្តេចបានបន្តថា ពេលខ្លះយើងរើសទាំងពីរមិនបាន យើងត្រូវយកមួយ យកមួយត្រូវយកឲ្យចំយកអីដែលផលប្រយោជន៍ធំសម្រាប់ជាតិយូរវែងរបស់យើង។ សម្តេចបន្តថា៖ «បើថាធ្វើរដ្ឋាភិបាល ធ្វើរដ្ឋមន្ត្រី ធ្វើចៅហ្វាយខេត្ត ធ្វើចង្វាយស្រុកធ្វើមេឃុំ អាជ្ញាធរ មេប៉ូលីស មេ PM មិនហ៊ានអនុវត្តច្បាប់ដោយខ្លាចប៉ះអារម្មណ៍ គេឈប់ធ្វើទៅ ! អត់ខ្លាចអារម្មណ៍ប្រជាពលរដ្ឋ ១៧លាននាក់ទេអី យកសង្ងំសុខខ្លួនឯង អីចឹងបានកន្លែងខ្លះ យើងត្រូវការកែសម្រួលក្បាលម៉ាស៊ីនមួយខេត្ត ព្រោះគាត់អត់ធ្វើ មិនមែនគាត់ចូលដៃទេ អញ្ចឹងយើងដាក់អ្នកដែលសកម្មជាងមុន»

ពាក់ព័ន្ធនឹងរឿងនេះ សម្តេចបានលើកឡើងថា សម្តេចធ្លាប់ហៅមន្រ្តីមួយចំនួន មកណែនាំផ្ទាល់ជាច្រើនដងហើយ។ សម្រាប់អ្នកថ្មីដែលដាក់ជំនួស បើធ្វើមិនកើត នឹងដូរចេញថែមទៀត។ អ្នកខ្លះមិនចេះធ្វើ ហើយអ្នកខ្លះទៀត ទាល់តែយកឈើដោត។ សម្តេចបញ្ជាំក់ថា «វាមានបន្ទាត់ក្រហម រឿងស្កែមជារឿងបន្ទាត់ក្រហម អារឿងផ្សេងៗទៀតយើងមើលតាមទំហំបញ្ហា កន្លែងខ្លះយើងធ្វើការវះកាត់ កន្លែងខ្លះយើងធ្វើការអប់រំណែនាំ យើងផ្ដល់ឱកាស គ្មាននរណាល្អឥតខ្ចោះទេ សំខាន់ឆន្ទៈធ្វើអត់? ឆន្ទៈធ្វើ ធ្វើមិនទាន់អស់ វាប្រសើរជាងអត់ឆន្ទៈធ្វើ អាហ្នឹងវានឹងបញ្ហា»

សម្តេចបានបញ្ជាក់បន្ថែមទៀតថា​ «បើយកការទទួលខុសត្រូវរឿងនេះ បាត់ប្រយោជន៍បាត់ការងារបាត់អី ដាក់បន្ទុកមកខ្ញុំចុះ ខ្ញុំសូមទទួល ព្រោះខ្ញុំជាអ្នកចេញបញ្ជា ខ្ញុំហ៊ានទទួល តែខ្ញុំសុំឲ្យច្បាស់ ការទទួលខុសត្រូវនេះគឺដើម្បីប្រទេសជាតិទាំងមូល ព្រោះយើងត្រូវអង្គុយជាមួយគ្នាអនាគតប្រទេសយើង ១៧លាននាក់ថ្ងៃក្រោយ ២០លាននាក់ យើងមិនអាចរស់នៅក្នុងពេលដែលប្រទេសយើងត្រូវបានគេវាយប្រហារ វាយហើយវាយទៀត ពិភពលោកថ្កោលទោស»