សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះ «សួនច្បារពោធិ៍ចិនតុង» (Video inside)
16-09-2026 12:51
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង ដែលជាព្រលានយន្តហោះចាស់របស់កម្ពុជា នឹងត្រូវរៀបចំជាទីធ្លាសាធារណៈ និងកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង» ដើម្បីរក្សាឈ្មោះប្រវត្តិសាស្ត្ររបស់ទីតាំងនេះ។
ការថ្លែងរបស់សម្តេច បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «យើងឥឡូវកំពុងរៀបចំនៅព្រលានយន្ដហោះចាស់ គឺព្រលានយន្ដហោះពោធិ៍ចិនតុង យើងរៀបចំនឹងបើកទៅខាងមុខ ដាក់ សួនច្បារពោធិ៍ចិនតុង ដាក់ឈ្មោះដើមដែលជាប្រវត្តិ មិនមែនសួរច្បារព្រលានភ្នំពេញទេ គឺដាក់សួនច្បារពោធិ៍ចិនតុងហ្មង ដាក់ឈ្មោះដើម ដើម្បីរក្សា»។
បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលកំពុងរៀបចំទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង ឲ្យក្លាយជាទីធ្លាសាធារណៈសម្រាប់ប្រជាពលរដ្ឋ ដោយរក្សាឈ្មោះដើម «សួនច្បារពោធិ៍ចិនតុង» ដើម្បីរំលឹកដល់ប្រវត្តិសាស្ត្ររបស់ទីតាំងនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅទីតាំងនេះមានអគារប្រវត្តិសាស្ត្រចំនួន២ គឺអគារស្ថានីយចាស់ និងអគារ Tower ដែលកំពុងត្រូវបានរៀបចំ និងអភិរក្ស ខណៈបរិវេណជុំវិញកំពុងដាំដើមឈើ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមបើកឲ្យប្រជាពលរដ្ឋចូលកម្សាន្ត និងហាត់ប្រាណ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ទីតាំងនេះធ្លាប់ត្រូវបានបើកសាកល្បងឲ្យប្រជាពលរដ្ឋចូលកម្សាន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ហើយទទួលបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋយ៉ាងច្រើន ដោយមានអ្នកទៅដើរ រត់ហាត់ប្រាណ និងជិះកង់នៅក្នុងបរិវេណនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ទីតាំងនេះមានការស្នើសុំរៀបចំសកម្មភាពសាធារណៈនានា ដូចជា ការរត់ម៉ារ៉ាតុងនៅក្នុងខែធ្នូ ខាងមុខនេះ ពិព័រណ៍រថយន្ត និងការប្រគុំតន្ត្រី ដើម្បីផ្តល់ជាទីធ្លាសម្រាប់ប្រជាពលរដ្ឋក្នុងការសម្រាកលំហែកាយក្នុងក្រុងផងដែរ។
ក្រៅពីនេះ នៅពេលអនាគត អាចមានការរៀបចំហាងកាហ្វេ កន្លែងចតយានយន្ត និងសេវាកម្មផ្សេងៗ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជួលទីតាំងមួយចំនួន ដើម្បីអភិវឌ្ឍជាសេវាសាធារណៈ។ សម្តេចបានបញ្ជាក់ថា ការរៀបចំនេះមិនមែនជាការលក់ដីរដ្ឋនោះទេ ប៉ុន្តែជាការជួលទីតាំង ដើម្បីឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ការរៀបចំព្រលានយន្តហោះពោធិ៍ចិនតុងជាទីធ្លាសាធារណៈនេះ គឺដើម្បីផ្តល់កន្លែងសម្រាប់ប្រជាពលរដ្ឋសម្រាកលំហែ កម្សាន្ត រត់ហាត់ប្រាណ និងជិះកង់ ព្រមទាំងចូលរួមលើកកម្ពស់សុខភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕





























































