FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន កុំបោះចោលសំរាមពាសវាលពាសកាល (Video inside)

16-09-2026 12:49

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមឱ្យបានយ៉ាងសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន ដោយរក្សាកាកសំណល់ឱ្យបានត្រឹមត្រូវ និងជៀសវាងការបោះចោលសំរាមពាសវាលពាសកាល ដើម្បីរួមគ្នាលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការរស់នៅប្រកបដោយផាសុកភាព និងសុខភាពល្អសម្រាប់ទាំងអស់គ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដូចនេះនៅព្រឹកថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញ​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវា​ព្យាបាល​ជំងឺមហារីក។

ជុំវិញការថែរក្សាបរិស្ថាន រឿងអនាម័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមយកឱកាសនេះសរសើរលោក ប៉ាង លីដា (លោក ប៉ាង លីដា អភិបាលរង​ខណ្ឌ​ពោធិ៍សែន​ជ័យ) ឃើញចុះធ្វើច្រើន បាលូសំអាតសំរាម ហើយក៏មានការចូលរួមពីខណ្ឌផ្សេងៗ បន្តធ្វើទៀតទៅអាណឹង ហើយខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋផង កន្លែងខ្លះឃើញគាត់បារលូហើយឥលូវមកវិញទៀតសំរាម បារអត់អស់ទេសំរាម ហើយនេះសម្រាប់សុខភាពបងប្អូនប្រជាពលរដ្ឋទេ សូមចូលរួមគ្នាដើម្បីការពារ»

ជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកឡើងវិញគ្រាដែលបានបើកដំណើរការសាកល្បងឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) មុនពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានប្រជាពលរដ្ឋបានចូលលេងកម្សាន្តរាប់ម៉ឺននាក់ តែមិនមានសំរាមរាយប៉ាយនោះហើយ ដោយប្រជាពលរដ្ឋបានទុកដាក់សំរាមបានត្រឹមត្រូវ និងបានជួយថែរក្សាបរិស្ថានបានល្អ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា បរិស្ថានស្អាត គឺបានផ្តើមចេញពីយើងម្នាក់ៗ ប្រជាពលរដ្ឋនីមួយៗ មិនអាចថារង់ចាំតែអាជ្ញាធរ ក្រុមហ៊ុនប្រមូលសំរាមដើរប្រមូលសំរាម ទើបធ្វើឱ្យស្អាតបាននោះទេ គឺយើងត្រូវតែចូលរួមរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសវាលពាសកាល ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការរស់នៅប្រកបដោយផាសុកភាព និងសុខភាពល្អសម្រាប់ទាំងអស់គ្នា ដែលនេះហើយគឺជាកិច្ចការសំខាន់មួយផ្នែករឿងសុខភាពផងដែរ។

សូមបញ្ជាក់ដែរថា ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន បច្ចុប្បន្នរាជធានីភ្នំពេញមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដែលទទួលខុសត្រូវលើការប្រមូល និងដឹកជញ្ជូនសំរាម។ ក្រុមហ៊ុនទាំងនេះបានចូលរួមប្រកួតប្រជែងគ្នា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែទម្រង់លើការគ្រប់គ្រង និងដឹកជញ្ជូនសំរាមពីក្រុមហ៊ុនតែមួយដាច់មុខកាលពីមុន។ បរិមាណសំរាមដែលប្រមូល បាននៅរាជធានីភ្នំពេញបានកើនឡើងគួរឱ្យកត់សម្គាល់។ កាលពីមុន ការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែប្រមាណ ៣,០០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ន បរិមាណសំរាមបានកើនឡើងរហូតដល់ ៤,១០០តោនក្នុងមួយថ្ងៃ៕