FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាសម្ព័ន្ធសង្គមស៊ីវិលពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល​ខេត្តឧត្ដរមានជ័យ ដើម្បីចូលរួមជំរុញ​បរិវត្ត​កម្ម​ឌីជីថល​​ឈានទៅកសាងសង្គមឌីជីថល​ និង​​ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមសហគមន៍

16-09-2026 12:35

(ឧត្ដរមានជ័យ)៖ ដោយសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​គណៈរដ្ឋមន្ត្រី បានរៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល» នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន វ.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ហោ ជិនវីរៈយុទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជាច្រើននាក់។

ថ្លែងក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ លោក ប៉ៃ សំបូរ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ជិតស្និទ្ធរវាងអង្គការសង្គមស៊ីវិលក្នុងខេត្តឧត្តរមានជ័យ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋានលើគ្រប់វិស័យ។ លោកអគ្គលេខាធិការបានជំរុញឱ្យអង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីបង្កើនការយល់ដឹង​ស៊ីជម្រៅអំពីបរិវត្តកម្ម​ឌីជីថលនិងសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមចំណែកក្នុងការកសាង​​សង្គមឌីជីថល ព្រមទាំង​ចូលរួមទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមសហគមន៍។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលចូលរួមជំរុញយុវជនឱ្យពង្រឹងសមត្ថភាពនិងបំណិនជីវិត តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមវិទ្យាស្ថានពហុបច្ចេកទេសក្នុងខេត្តជិតខាង ដើម្បីអាចទទួល​បានឱកាសការងារកាន់តែល្អប្រសើរនៅតាមក្រុមហ៊ុន-សហគ្រាសក្នុង​មូលដ្ឋាន ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ លោក ហោ ជិនវីរៈយុទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់របស់អង្គការសង្គមស៊ីវិល ក្នុងការជំរុញការអភិវឌ្ឍលើវិស័យ​សំខាន់ៗនានា ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់​​​រាជរដ្ឋាភិបាលក្នុងគ្រប់នីតិកាល។ លោកក៏បានលើកទឹកចិត្តឱ្យអង្គការ​​សង្គមស៊ីវិល​ទាំងអស់ បន្តចូលរួមថែរក្សានូវទំនាក់ទំនង​ល្អជាមួយអាជ្ញាធរមូលដ្ឋាន​និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងការបន្តអនុវត្តសកម្មភាព​របស់ខ្លួន ស្របតាម​គោលការណ៍ច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួល​ខុសត្រូវ​ខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាបន្ន។ ជាងនេះទៀត លោកក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិលនិងដៃគូ​អភិវឌ្ឍន៍ពិចារណាបង្កើនការចូលរួមក្នុងការលើកកម្ពស់សុខុមាលភាព និងពង្រឹងសមត្ថភាពវិជ្ជាជីវៈសម្រាប់ជនភៀសសឹក ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្តល់ការគាំទ្រចាំបាច់ស្របតាមស្ថានភាព និង​តម្រូវការជាក់ស្តែងក្នុងកាលៈទេសៈបច្ចុប្បន្ន។

សូមជម្រាបជូនថា ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល និងបង្កើនការយល់ដឹងអំពីបរិវត្តកម្មឌីជីថល ព្រមទាំងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ លោក ក្អាត ណាត់ អ្នកជំនាញមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមធ្វើបទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ក្នុងគោលបំណងផ្តល់ចំណេះដឹង​និងការយល់ដឹងជាមូលដ្ឋានដល់តំណាងអង្គការសង្គមស៊ីវិល អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ព្រមទាំងចូលរួមជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសង្គមស៊ីវិល៕