FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់៖ សវនកម្មសមិទ្ធកម្ម សំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿចិត្តរបស់ពលរដ្ឋ

16-09-2026 10:59

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីសវនកម្ម និងផ្តល់ចំណេះដឹងដល់អង្គភាពសវនដ្ឋាននានា នៃក្រសួងទេសចរណ៍ ទាំងថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានី-ខេត្ត។

សិក្ខាសាលានេះ ផ្តោតលើមូលដ្ឋានគ្រឹះ តួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីសវនកម្មផ្ទៃក្នុង ព្រមទាំងការយកចិត្តទុកដាក់លើការបង្កើនភាពសន្សំសំចៃ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តកម្មវិធី និងការអនុលោមភាពក្នុងការអនុវត្តការងាររបស់អង្គភាពក្រោមឱវាទក្រសួងទេសចរណ៍។

សិក្ខាសាលានេះ មានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រី ជាវាគ្មិនកិត្តិយសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រី ជាសិក្ខាកាម សរុបប្រមាណ ២០០នាក់។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនថា ការងារសវនកម្មបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ និងតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល។

លោកបានលើកឡើងថា ការងារនេះបានទទួលការយកចិត្តទុកដាក់ចាប់តាំងពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវអភិក្រមទាំង៥ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីបានបន្តថា មកដល់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

លោកបានបញ្ជាក់ថា ស្នូលនៃយុទ្ធសាស្ត្រនេះ ផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយអនុលោមតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ដែលជាលិខិតូបករណ៍សំខាន់មួយ ក្នុងការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃមុខងារត្រួតពិនិត្យ សវនកម្ម និងអធិការកិច្ច ព្រមទាំងទាមទារឱ្យមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ។

លោក ហួត ហាក់ គូសរំលេចថា សវនកម្មសមិទ្ធកម្ម គឺជាឧបករណ៍សំខាន់សម្រាប់វាស់វែងគុណភាពនៃការអនុវត្តការងារ និងធានាថា ធនធានសាធារណៈត្រូវបានប្រើប្រាស់ប្រកបដោយភាពសន្សំសំចៃ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ព្រមទាំងរួមចំណែកពង្រឹងគណនេយ្យភាព តម្លាភាព និងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់សិក្ខាកាមទាំងអស់ ឱ្យបន្តយកចំណេះដឹង បទពិសោធន៍ និងសមត្ថភាពដែលទទួលបានពីសិក្ខាសាលា ទៅអនុវត្តក្នុងអង្គភាពរបស់ខ្លួន ដោយឈរលើអភិក្រម «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» និងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម។

លោកបានណែនាំឱ្យប្រកាន់ខ្ជាប់នូវវិន័យ មនសិការវិជ្ជាជីវៈ ក្រមសីលធម៌ និងគោរពអភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ឱ្យបានខ្ជាប់ខ្ជួន៕