FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតឥណ្ឌា៖ មន្ត្រី និងពលរដ្ឋកម្ពុជា ជាង ៣ ០០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចឥណ្ឌា

16-09-2026 10:49

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមន្ត្រី និងពលរដ្ឋកម្ពុជា ជាង ៣ ០០០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចឥណ្ឌា (ITEC)។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ រៀបចំពិធីប្រារព្ធទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំថ្នាក់ដឹកនាំមន្ត្រីរាជការ អ្នកជំនាញ និងអតីតសិក្ខាកាមនៃកម្មវិធី ITEC ដោយបានរំលេច អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសឥណ្ឌា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសនិងការរឹតចំណងមិត្តភាពជាមួយកម្ពុជាព្រមទាំងបង្ហាញពីឥទ្ធិពលយ៉ាងជ្រាលជ្រៅនៃគំនិតផ្តួចផ្តើម ITEC។ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុងពិធីនេះ។

ក្នុងសុន្ទរកថាស្វាគមន៍ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា បានគូសបញ្ជាក់ពីតួនាទីរបស់កម្មវិធី ITEC និងការរួមចំណែកជាបន្តបន្ទាប់របស់កម្មវិធីនេះក្នុងការកសាងសមត្ថភាពនៅទូទាំងប្រទេសក្នុងតំបន់សកលលោកខាងត្បូង (Global South) រួមទាំងកម្ពុជាផងដែរ។

លោកបានថ្លែងថា ទស្សនវិជ្ជាចង្អុលផ្លូវនៃកម្មវិធី ITEC គឺ «Vasudhaiva Kutumbakam» ដែលមានន័យថា «ពិភពលោកគឺជាគ្រួសារតែមួយ»។ ដោយឈរលើគោលការណ៍ដែលថា ការអភិវឌ្ឍគឺជាដំណើររួមគ្នា កម្មវិធី ITEC ជួយគាំទ្រដល់ដៃគូសហប្រតិបត្តិការទ្វេភាគីតាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ការកសាងសមត្ថភាព និងការផ្លាស់ប្តូរចំណេះដឹង។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃកម្មវិធី ITEC ជាមួយកម្ពុជា លោកឯកអគ្គរដ្ឋទូតបានលើកឡើងអំពីកម្មវិធីលេចធ្លោមួយចំនួនក្នុងឆ្នាំកន្លងទៅ និងឆ្នាំ២០២៦-២០២៧ ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗ និងបច្ចេកវិទ្យាកំពុងលេចរូបរាងព្រមទាំងគំនិតផ្តួចផ្តើមបណ្តុះបណ្តាលពិសេសតាមតម្រូវការជាក់ស្តែង សម្រាប់មន្ត្រីរាជការកម្ពុជា។ ក្នុងចំណោមកម្មវិធីទាំងនោះ រួមមាន៖ ការបណ្តុះបណ្តាលស្តីពីការបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា STEM ជូនដល់មន្ត្រីចំនួន ៣០រូប មកពីក្រសួងអប់រំ យុវជននិងកីឡា ការបណ្តុះបណ្តាលកម្រិតខ្ពស់ស្តីពីបច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីជូនដល់មន្ត្រីចំនួន ១៥រូប មកពីក្រសួងព័ត៌មាន និងការបណ្តុះបណ្តាលស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសតាមប្រព័ន្ធស៊ីប័រ ជូនដល់មន្ត្រីចំនួន ៣០រូប មកពីក្រសួងមហាផ្ទៃ។ បន្ថែមពីនេះវគ្គសិក្សាពិសេសស្តីពីអភិបាលកិច្ចល្អ និងគោលនយោបាយសាធារណៈ ក៏នឹងត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីរាជការកម្ពុជាចំនួន ៨០រូបផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីឋានៈរបស់ឥណ្ឌាជាសេដ្ឋកិច្ចធំដែលមានកំណើនលឿនបំផុតមួយនៅក្នុងពិភពលោកដោយមានអត្រាកំណើន ៧.៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦។ លោកបានបន្តថា កំណើនសេដ្ឋកិច្ចដ៏រស់រវើករបស់ឥណ្ឌា និងការកែទម្រង់ស៊ីជម្រៅក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះបានបើកឱកាសយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចមកពីកម្ពុជា។ ថ្លែងអំពីភាពជឿនលឿនដែលឥណ្ឌាសម្រេចបានក្នុងវិស័យអវកាសបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោកឯកអគ្គរដ្ឋទូតបានបន្ថែមថាឥណ្ឌាទើបតែបានក្លាយជាប្រទេសទីបី ដែលបានបាញ់បង្ហោះរ៉ុក្កែតអវកាសឯកជនដោយជោគជ័យ។ ប្រទេសឥណ្ឌាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល AI កាលពីខែកុម្ភៈ ដែលជាកិច្ចប្រជុំកំពូល AI លើកដំបូងនៅក្នុងតំបន់សកលលោកខាងត្បូង ក្រោមប្រធានបទ «ប្រជាជន ភពផែនដី និងភាពជឿនលឿន»។

លោកបានបន្តថាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈរបស់ឥណ្ឌាបន្តជួយជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រជាជនរាប់រយលាននាក់នៅឥណ្ឌាហើយប្រព័ន្ធទូទាត់ប្រាក់រួម UPI (Unified Payments Interface) របស់ឥណ្ឌាកំពុងទទួលបានការទទួលស្គាល់ និងការប្រើប្រាស់កាន់តែទូលំទូលាយនៅតំបន់ជាច្រើននៃពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។ លោកបានបន្ថែមថាប្រទេសឥណ្ឌាកំពុងបង្កើនសមត្ថភាពថាមពលកកើតឡើងវិញរបស់ខ្លួនដោយបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទីបី នៅលើពិភពលោកជាមួយនឹងសមត្ថភាពដំឡើងលើសពី ៣០០ ជីកាវ៉ាត់ (GW) ហើយក៏បានចូលរួមជាមួយក្រុមប្រទេសមួយចំនួនតូចក្នុងការដាក់ឱ្យដំណើរការរថភ្លើងដើរដោយថាមពលអ៉ីដ្រូសែន កាលពីខែមិថុនាឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។

តាមរយៈកម្មវិធី ITECប្រទេសឥណ្ឌាបានផ្តល់កន្លែងបណ្តុះបណ្តាលពេញលេញចំនួន ១២ ០០០កន្លែង ជារៀងរាល់ឆ្នាំ តាមរយៈវគ្គសិក្សាជាង ៣០០ដែលរៀបចំដោយគ្រឹះស្ថានឈានមុខគេចំនួនជាង ១២០ លើវិស័យផ្សេងៗ រួមមាន៖ បច្ចេកវិទ្យាព័ត៌មាន បច្ចេកទេសធនាគាររដ្ឋបាលសាធារណៈ និងការធ្វើសវនកម្ម ជាដើម។

រហូតមកដល់បច្ចុប្បន្ន មន្ត្រីរាជការជាង ២២៥ ០០០នាក់ មកពីជាង ១៦០ប្រទេស ត្រូវបានបណ្តុះបណ្តាលក្នុងវិស័យស៊ីវិល និងការពារជាតិ ក្រោមគំនិតផ្តួចផ្តើមនេះ។ កម្មវិធីបណ្តុះបណ្តាលនេះគ្របដណ្តប់ទាំងវិស័យស៊ីវិលនិងការពារជាតិ ដោយរដ្ឋាភិបាលឥណ្ឌាជាអ្នករ៉ាប់រងរាល់ការចំណាយពាក់ព័ន្ធនឹងសំបុត្រយន្តហោះអន្តរជាតិ ការស្នាក់នៅ និងអាហារសម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធី ITEC នៅកម្ពុជាក្នុងឆ្នាំ១៩៨១ មកមន្ត្រី និងពលរដ្ឋកម្ពុជាប្រមាណជាង ៣ ០០០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗក្រោមកម្មវិធី ITEC នេះ។ កាលពីឆ្នាំមុន មន្ត្រីកម្ពុជាជិត ៣០០នាក់ បានចូលរួមក្នុងកម្មវិធីនេះ។

ការប្រារព្ធពិធីក្នុងឱកាសទិវា ITEC នៅកម្ពុជា បានផ្តល់កិត្តិយសដល់ការរួមចំណែកដ៏យូរអង្វែងរបស់កម្មវិធី ITEC ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌា។ វាក៏ជាឱកាសមួយដើម្បីលើកតម្កើងជំនាញ ភាពជាអ្នកដឹកនាំ និងបទពិសោធន៍រួមគ្នារបស់អតីតសិក្ខាកាម ITEC មកពីកម្ពុជាព្រមទាំងការរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ កម្មវិធីនេះក៏មានការសម្តែងដោយសិស្សរបាំនៃមជ្ឈមណ្ឌលយោគៈ និងរបាំនៃស្ថានទូតឥណ្ឌាដែលបានបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌាផងដែរ៕