FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហេង សួរ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

16-09-2026 10:00

(កំពង់ចាម)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ជាង ៦០០នាក់ និងអាណាព្យាបាលក្នុងស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាពដោយលោក បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សទាំងអស់ឱ្យសិក្សា នៅគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ។

ថ្លែងទៅកាន់អ្នកចូលរួមជាង ១ ០០០នាក់ លោករដ្ឋមន្រ្តីបានអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ ដោយលោកកត់សម្គាល់ថា ការប្រឡងបាក់ឌុបនៅស្រុកកំពង់សៀមមានលទ្ធផលកាន់តែល្អប្រសើរ។ សម្រាប់ឆ្នាំ២០២៦ មានអត្រាជាប់កើនឡើងដល់ ៥១៨នាក់ រួមមាន និទ្ទេស A ចំនួន ៨នាក់ (ស្រី ៦នាក់) និទ្ទេស B ចំនួន ២៣នាក់ និទ្ទេស C ចំនួន ១០៥នាក់ និទ្ទេស D ចំនួន ១៨០នាក់ និងនិទ្ទេស E ចំនួន ២០២នាក់។ ឯកឧត្តមបានគូសបញ្ជាក់ពីកត្តាធំៗនៃជោគជ័យនេះ ដែលសំខាន់បំផុតគឺកត្តាសិស្សផ្ទាល់ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ដែលក្មួយៗត្រូវដឹងគុណ ដោយចាត់ទុក “លោកគ្រូ អ្នកគ្រូ ជាអ្នកមានគុណទី២” ដូចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចាត់ទុកថា “គ្រូគឺជាសេដ្ឋីនៃកិត្តិយស”។ ទន្ទឹមនេះ កត្តាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ក៏រួមចំណែកដ៏សំខាន់ដល់លទ្ធផលនេះផងដែរ។ ជាក់ស្តែង រាជរដ្ឋាភិបាលបច្ចុប្បន្ន បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់កម្មវិធីនយោបាយគ្រប់ជ្រុងជ្រោយ ពហុវិស័យ និងប្រទាក់ក្រឡាគ្នា ជាពិសេសការអភិវឌ្ឍ “មូលធនមនុស្ស”។

លោកបានលើកទឹកចិត្តក្មួយៗប្រឡងធ្លាក់ សូមកុំបាក់ទឹកចិត្ត ពីព្រោះអាចជ្រើសរើសកម្មវិធី TVET ដែលមានភាពបត់បែន និងទំនើបឆ្លើយតបភ្លាមៗតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ដែលនិយោជកឱ្យតម្លៃខ្ពស់ សិក្សារយៈពេលខ្លី ប៉ុន្តែមានជំនាញច្បាស់លាស់ និងឆាប់បានការងារធ្វើ។ លោកក៏បានផ្តាំផ្ញើក្មួយៗទាំងអ្នកប្រឡងជាប់ និងធ្លាក់ថា ការឈ្វេងយល់ និងពិគ្រោះយោបល់បានត្រឹមត្រូវ ក្នុងការកសាងអនាគត ជាជម្រើស និងការតម្រង់ទិសដ៏ល្អស្របតាមចំណង់ចំណូលចិត្ត ក្តីស្រមៃ លទ្ធភាពគ្រួសារ និងតម្រូវការទីផ្សារ ដោយគួរចៀសវាងការជ្រើសរើសជំនាញតាមមិត្តភក្តិ ប៉ុន្តែត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់ ស្គាល់ពីមុខរបរដែលខ្លួនស្រឡាញ់ និងសិក្សាពីព័ត៌មានទីផ្សារ។

លោកក៏បានលើកទឹកចិត្តក្មួយៗឈ្វេងយល់ពីតម្លៃនៃការសិក្សាផង និងអនុវត្តការងារជាក់ស្តែងផង ដែលជា “ច្រកនាំទៅផ្លូវជោគជ័យ” តាមរយៈការសន្សំបទពិសោធល្អៗ ការងារជាក្រុម និងការងារសង្គមជាដើម ដើម្បីកសាងបណ្តាញទំនាក់ទំនង និងទទួលបានព័ត៌មានច្រើន ដែលធ្វើឱ្យការសម្រេចចិត្តកាន់តែត្រឹមត្រូវ។ ជាមួយគ្នានេះ លោកបានជម្រាបជូនថា សម្រាប់ក្មួយៗមកពីវិទ្យាល័យទាំងបីក្នុងស្រុកកំពង់សៀម ដែលចង់ចាប់យកការសិក្សានៅគ្រឹះស្ថាន TVET គឺឯកឧត្តមនឹងជួយផ្តល់អាហារូបករណ៍ផង និងឱកាសហាត់ការផង ដើម្បីធានាថាក្មួយៗរៀនបណ្តើរ និងហាត់ការបណ្តើរ ដើម្បីបានបទពិសោធ និងទទួលបានប្រាក់ខែសមរម្យ៕