FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?

15-09-2026 18:18

(ភ្នំពេញ)៖ កម្ពុជា និងថៃ បានបង្ហាញជំហរខុសគ្នាគួរឱ្យកត់សម្គាល់ នៅថ្ងៃបើកកិច្ចប្រជុំគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS នៅប្រទេសសិង្ហបុរី។ កម្ពុជានិយាយទន់ ខណៈថៃនិយាយខ្លាំង—ប៉ុន្តែនៅក្នុងវេទិកាដែលវាស់ដោយអង្គហេតុ ភស្តុតាង និងច្បាប់ តើភាគីណាពិតជាមានប្រៀបនៅថ្ងៃដំបូង?

Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅថ្ងៃបើកកិច្ចប្រជុំដំបូងនៃគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅប្រទេសសិង្ហបុរី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា និងថៃ បានបង្ហាញរបៀបនិយាយខុសគ្នា គួរឱ្យកត់សម្គាល់។
កម្ពុជាប្រើភាសាស្ងប់ស្ងាត់ ផ្តោតលើច្បាប់ មូលហេតុដែលនាំឱ្យកម្ពុជាស្វែងរកយន្តការ UNCLOS និងផ្លូវសម្រាប់ដោះស្រាយជម្លោះ។ ចំណែកថៃវិញ បានប្រើសម្តីចោទខ្លាំងៗ ដោយលើកការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធនឹងជម្លោះកន្លងមក ដើម្បីឆ្លើយតបទៅនឹងការបកស្រាយរបស់កម្ពុជា។

ភាពខុសគ្នានេះបង្កើតសំណួរមួយ៖ តើការនិយាយទន់របស់កម្ពុជា បង្ហាញថាកម្ពុជាខ្សោយ ខណៈការនិយាយខ្លាំងរបស់ថៃ ធ្វើឱ្យថៃមានប្រៀបដែរឬទេ? ចម្លើយនៅដំណាក់កាលនេះគឺ៖ មិនចាំបាច់ទេ។

ព្រោះកិច្ចប្រជុំដំបូងនៃគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS ថ្ងៃទី១៥ ខែកញ្ញានេះ មិនមែនជាវេទិកាប្រកួតវោហារសាស្ត្រ ឬវាស់ថាភាគីណានិយាយខ្លាំងជាងនោះទេ។ វាជាយន្តការដោះស្រាយវិវាទដោយសន្តិវិធី ដែលនៅទីបំផុត ទម្ងន់នៃជំហររបស់ភាគីនីមួយៗ នឹងពឹងផ្អែកលើ អង្គហេតុ ភស្តុតាង និងអំណះអំណាងផ្លូវច្បាប់ ដែលភាគីនោះអាចដាក់បង្ហាញនៅចំពោះមុខគណៈកម្មការ។

*សុន្ទរកថាពីរ—របៀបនិយាយពីរខុសគ្នា
ក្នុងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា មិនបានផ្តោតលើការវាយប្រហារ ឬចោទប្រកាន់ថៃជាចម្បងឡើយ។ លោកបានរំលឹកប្រវត្តិនៃការចរចាបញ្ហាសមុទ្ររវាងប្រទេសទាំងពីរ ការបញ្ចប់ MOU ឆ្នាំ២០០១ និងពន្យល់ពីមូលហេតុដែលនាំឱ្យកម្ពុជាសម្រេចប្រើយន្តការផ្សះផ្សាក្រោម UNCLOS។

សំខាន់ជាងនេះ កម្ពុជាមិនបានដាក់តែ បញ្ហា នៅចំពោះមុខគណៈកម្មការទេ ប៉ុន្តែបានដាក់ ផ្លូវនៃច្រកចេញ ផងដែរ។ កម្ពុជាបានបង្ហាញជម្រើសបីជាន់៖ ទី១ ចង់ឈានទៅរកសន្ធិសញ្ញាកំណត់ព្រំដែនសមុទ្រជាមួយថៃ; ទី២ បើមិនទាន់អាចកំណត់ព្រំដែនបាន ត្រៀមពិភាក្សាការអភិវឌ្ឍរួម និងការចែករំលែកធនធានដោយសមធម៌; និង ទី៣ បើនៅតែមិនអាចរកកិច្ចព្រមព្រៀងបាន កម្ពុជាចង់ប្រើរបាយការណ៍ និងអនុសាសន៍របស់គណៈកម្មការ ជាមូលដ្ឋានសម្រាប់ការចរចាបន្ត។

ឃ្លាជាភាសាអង់គ្លេសមួយឃ្លា ដែលឆ្លុះបញ្ចាំងពីជំហររបស់កម្ពុជាច្បាស់បំផុតគឺ៖ “a means to rebuild trust, not as a form of escalation” ដែលមានន័យថា កម្ពុជាចង់ឱ្យដំណើរការផ្សះផ្សានេះក្លាយជា មធ្យោបាយស្តារទំនុកចិត្ត មិនមែនជាមធ្យោបាយបង្កើនភាពតានតឹងឡើយ។
ចំណែកភាគីថៃវិញ រដ្ឋមន្ត្រីការបរទេស Sihasak Phuangketkeow បានប្រើភាសាខ្លាំងជាង។ លោកបានចោទកម្ពុជាថា បង្កើតការបកស្រាយដែលផ្តល់ប្រយោជន៍ដល់ខ្លួន ហើយបានលើកបញ្ហាពាក់ព័ន្ធនឹងការប៉ះទង្គិចដីគោក ការប្រើរ៉ុក្កែត មីន និងបញ្ហាផ្សេងៗចូលក្នុងសុន្ទរកថាបើក។

ភាពខុសគ្នាត្រង់នេះ គួរឱ្យកត់សម្គាល់៖ កម្ពុជាប្រើពេលវេលានៃសុន្ទរកថាបើកភាគច្រើនដើម្បីពន្យល់ថា តើវិវាទគួរទៅរកដំណោះស្រាយដោយរបៀបណា ខណៈថៃបានប្រើផ្នែកមួយនៃសុន្ទរកថាដើម្បីឆ្លើយតប និងចោទប្រកាន់កម្ពុជាលើបញ្ហាដែលខ្លះលាតសន្ធឹងហួសពីសំណួរកំណត់ព្រំដែនសមុទ្រទៅទៀត។

ដូច្នេះ ក្នុងយន្តការផ្សះផ្សា ដែលមានគោលដៅជួយភាគីទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី ការបង្ហាញជំហរដែលផ្តោតលើ ច្បាប់ ការចរចា និងផ្លូវចេញពីភាពជាប់គាំង អាចផ្តល់ប្រៀបផ្នែកភាពជឿជាក់ដល់កម្ពុជា ប្រសិនបើជំហរនោះមានភស្តុតាង និងមូលដ្ឋានច្បាប់គាំទ្រច្បាស់លាស់។

ហេតុនេះ សម្តីខ្លាំង មិនស្មើនឹងជំហរច្បាប់ខ្លាំង ហើយភាពទន់ភ្លន់ ក៏មិនស្មើនឹងភាពទន់ខ្សោយដែរ។ នៅចំពោះមុខគណៈកម្មការផ្សះផ្សា ប្រៀបពិតប្រាកដមិនស្ថិតលើថា អ្នកណានិយាយខ្លាំងជាងអ្នកណា នោះទេ ប៉ុន្តែស្ថិតលើថា ភាគីណា អាចធ្វើឱ្យអង្គហេតុ ភស្តុតាង និងច្បាប់ គាំទ្រជំហររបស់ខ្លួនបានរឹងមាំជាង និងអាចបង្ហាញផ្លូវដែលនាំវិវាទចេញពីភាពជាប់គាំងបាន។

*ហេតុអ្វីការមិនវាយបក អាចជាប្រៀបរបស់កម្ពុជា?
ដំណើរការផ្សះផ្សានេះ ធ្វើឡើងក្រោម មាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃ UNCLOS ដោយតុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) បំពេញតួនាទីជាលេខាធិការដ្ឋានរដ្ឋបាល ជួយដល់ដំណើរការរបស់គណៈកម្មការផ្សះផ្សា។

គណៈកម្មការនេះ មិនមានភារកិច្ចវាស់ថា ភាគីណានិយាយខ្លាំងជាង ឬឆ្លើយតបការចោទប្រកាន់បានរហ័សជាងនោះទេ។ ក្រោមឧបសម្ព័ន្ធទី៥ គណៈកម្មការមានតួនាទីស្តាប់ភាគី ពិនិត្យការអះអាង និងការជំទាស់ ហើយបើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀង គណៈកម្មការអាចពិនិត្យ អង្គហេតុ និងសំណួរផ្លូវច្បាប់ដែលពាក់ព័ន្ធ ព្រមទាំងផ្តល់អនុសាសន៍ ដើម្បីជួយភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ដូច្នេះ ការដែលកម្ពុជា មិនឆ្លើយតបការចោទប្រកាន់ដោយការចោទប្រកាន់តបវិញ មិនមានន័យថាកម្ពុជាទទួលស្គាល់ការចោទប្រកាន់ទាំងនោះ ហើយក៏មិនធ្វើឱ្យសិទ្ធិ ឬជំហរផ្លូវច្បាប់របស់កម្ពុជាថយចុះដោយស្វ័យប្រវត្តិដែរ។ អ្វីដែលសំខាន់ គឺកម្ពុជាត្រូវឆ្លើយតបចំពោះចំណុចណាដែលពាក់ព័ន្ធនឹងសំណុំរឿង ដោយអង្គហេតុ ភស្តុតាង និងច្បាប់ ជាជាងដោយពាក្យសម្តីវាយប្រហារ។

ផ្ទុយទៅវិញ បើកម្ពុជាអាចរក្សាជំហរស្ងប់ស្ងាត់នេះ ហើយបន្តដាក់ជូនគណៈកម្មការនូវ សន្ធិសញ្ញា ផែនទី ទិន្នន័យទីតាំងភូមិសាស្ត្រ ឯកសារប្រវត្តិសាស្ត្រ ការអនុវត្តរបស់រដ្ឋ និងគោលការណ៍ច្បាប់សមុទ្រអន្តរជាតិ ដែលគាំទ្រជំហររបស់ខ្លួន វាអាចពង្រឹងភាពជឿជាក់ថា កម្ពុជាមកកាន់តុផ្សះផ្សា ដើម្បីស្វែងរកដំណោះស្រាយតាមច្បាប់ មិនមែនដើម្បីឈ្នះការប្រកួតពាក្យសម្តីឡើយ។

ក្នុងបរិបទនេះ៖ ការមិនវាយបក មិនមែនមានន័យថា មិនការពារខ្លួនទេ។ កម្ពុជាអាចការពារជំហររបស់ខ្លួនបានខ្លាំងជាង តាមរយៈការធ្វើឱ្យអង្គហេតុ ភស្តុតាង និងច្បាប់ និយាយជំនួសពាក្យសម្តី។

*ភាពផ្ទុយគ្នាមួយក្នុងសម្តីរបស់រដ្ឋមន្ត្រីការបរទេសថៃ
មានចំណុចមួយគួរឱ្យកត់សម្គាល់ក្នុងជំហររបស់ថៃ។ ថៃបានទទូចថា វិសាលភាព (scope) នៃដំណើរការ compulsory conciliation នេះ គួរត្រូវបានកំណត់ត្រឹមបញ្ហា ការកំណត់ព្រំដែនសមុទ្រ ហើយក្រសួងការបរទេសថៃ ក៏ធ្លាប់ប្រកាសជាផ្លូវការថា គោលដៅរបស់ខ្លួនគឺ កំណត់ត្រឹមការកំណត់ព្រំដែនសមុទ្រក្រោម UNCLOS ប៉ុណ្ណោះ។

ប៉ុន្តែក្នុងសុន្ទរកថាបើក លោករដ្ឋមន្ត្រីការបរទេសថៃ ស៊ីហាសាក់ បានលើកបញ្ហាមួយចំនួនដែល មិនមែនជាសំណួរកំណត់ខ្សែព្រំដែនសមុទ្រដោយផ្ទាល់ ដូចជា ការប៉ះទង្គិចនៅតាមព្រំដែនគោក ការប្រើរ៉ុក្កែត បញ្ហាគ្រាប់មីន និងការចោទប្រកាន់ផ្សេងៗពាក់ព័ន្ធនឹងអាកប្បកិរិយារបស់កម្ពុជា។
ការលើកបញ្ហាទាំងនេះ មិនមានន័យថា ថៃធ្វើខុសច្បាប់ ឬថាគណៈកម្មការមិនអាចស្តាប់នោះទេ។ ភាគីនីមួយៗអាចព្យាយាមផ្តល់បរិបទដែលខ្លួនយល់ថាពាក់ព័ន្ធនឹងទំនាក់ទំនង និងការចរចារវាងប្រទេសទាំងពីរ។

ប៉ុន្តែវាបង្កើតសំណួរមួយ អំពីភាពស៊ីសង្វាក់គ្នានៃជំហររបស់ថៃ៖ បើថៃចង់ឱ្យវិសាលភាពនៃដំណើរការផ្សះផ្សានេះកំណត់ត្រឹមការកំណត់ព្រំដែនសមុទ្រ ហេតុអ្វីក្នុងថ្ងៃបើក ថៃបែរជានាំបញ្ហាដីគោក និងការចោទប្រកាន់ផ្សេងៗ ដែលមិនកំណត់ទីតាំងខ្សែព្រំដែនសមុទ្រ
ចូលមកក្នុងការបកស្រាយរបស់ខ្លួនទៅវិញ?

សសរស្តម្ភ៖ កោះគុត—បើ Scope មានតែព្រំដែនសមុទ្រ តើអាចបំបែក «សមុទ្រ» ចេញពី «កោះ» បានដល់កម្រិតណា?
ចំណុចមួយទៀត ដែលធ្វើឱ្យការកំណត់ វិសាលភាព (scope) នៃដំណើរការផ្សះផ្សានេះកាន់ តែស្មុគស្មាញ គឺបញ្ហា កោះគុត។

ថៃបានបញ្ជាក់ថា ដំណើរការ ផ្សះផ្សាដោយបង្ខំក្រោម UNCLOS គួរត្រូវបានកំណត់ត្រឹម ការកំណត់ព្រំដែនសមុទ្រ ហើយមិនគួរពង្រីកទៅដល់ការសម្រេចបញ្ហាអធិបតេយ្យភាពលើដីគោក ឬកោះគុតឡើយ។

តាមផ្លូវច្បាប់ ការបែងចែកនេះ មានមូលដ្ឋាន។ UNCLOS ផ្តល់ក្របខណ្ឌសម្រាប់សិទ្ធិសមុទ្រ និងការកំណត់ព្រំដែនសមុទ្រ ប៉ុន្តែគណៈកម្មការផ្សះផ្សានេះ មិនមានតួនាទីជាតុលាការដើម្បីកាត់សេចក្តីថា កោះគុតជារបស់កម្ពុជា ឬថៃនោះទេ។ ជាពិសេស មាត្រា២៩៨ នៃ UNCLOS ក៏ដាក់កម្រិតលើ យន្តការផ្សះផ្សាដោយបង្ខំ នៅពេលវិវាទកំណត់ព្រំដែនសមុទ្រ ចាំបាច់ត្រូវសម្រេចជាមុននូវវិវាទអធិបតេយ្យភាព ដែលមិនទាន់ដោះស្រាយលើដីគោក ឬកោះ។

ប៉ុន្តែត្រង់នេះ ក៏កើតមានសំណួរផ្លូវច្បាប់ដ៏សំខាន់មួយ៖ ការមិនអាចសម្រេចថា «កោះជារបស់អ្នកណា» តើមានន័យថា គេត្រូវដកកោះនោះចេញទាំងស្រុង ពីការពិចារណាអំពីព្រំដែនសមុទ្រដែរឬទេ?

សំណួរនេះសំខាន់ ព្រោះក្នុងច្បាប់សមុទ្រ ដីជាមូលដ្ឋាននៃសិទ្ធិលើសមុទ្រ។ រូបរាងឆ្នេរ ទីតាំងកោះ និងចំណុចមូលដ្ឋានដែលពាក់ព័ន្ធ អាចមានឥទ្ធិពល លើការកំណត់តំបន់ និងខ្សែព្រំដែនសមុទ្រ។ ដូច្នេះ «អធិបតេយ្យភាពលើកោះ» និង «ឥទ្ធិពលភូមិសាស្ត្ររបស់កោះលើការកំណត់ព្រំដែនសមុទ្រ» គឺជាសំណួរពីរដែលពាក់ព័ន្ធគ្នា និងមិនមែនជាសំណួរតែមួយទេ។

ហេតុនេះ សំណួរសម្រាប់គណៈកម្មការមិនចាំបាច់ថា «កោះគុតជារបស់អ្នកណា?» នោះទេ។ សំណួរដែលស្មុគស្មាញ និងមានទម្ងន់ជាងគឺ៖ តើគណៈកម្មការអាចពិនិត្យការកំណត់ព្រំដែនសមុទ្រ ដែលភូមិសាស្ត្ររបស់កោះគុត អាចមានការពាក់ព័ន្ធ បានដល់កម្រិតណា ដោយមិនឈានទៅកាត់សេចក្តីលើអធិបតេយ្យភាពនៃកោះនោះ?

*សេចក្តីសន្និដ្ឋាន៖ តើភាគីណាមានប្រៀបនៅថ្ងៃដំបូង?
នៅដំណាក់កាលនេះ មិនទាន់មានមូលដ្ឋានគ្រប់គ្រាន់ដើម្បីនិយាយថា កម្ពុជា ឬថៃ «ឈ្នះ» នៅថ្ងៃបើកកិច្ចប្រជុំនោះទេ។ គណៈកម្មការ មិនទាន់បានវាយតម្លៃ ឬសន្និដ្ឋានលើអង្គហេតុ ភស្តុតាង និងអំណះអំណាងផ្លូវច្បាប់របស់ភាគីណាមួយឡើយ។

ប៉ុន្តែបើវាស់ត្រឹម សម្លេង និងជំហរចរចា នៅថ្ងៃបើក កម្ពុជាមានចំណុចមួយគួរឱ្យកត់សម្គាល់៖ កម្ពុជាមិនបានផ្តោតសុន្ទរកថារបស់ខ្លួនលើការវាយប្រហារ ឬចោទប្រកាន់ថៃជាចម្បងទេ។ ផ្ទុយទៅវិញ កម្ពុជាបានដាក់នៅលើតុ ផ្លូវចេញពីភាពជាប់គាំង ច្រើនជម្រើស—ការឈានទៅរកសន្ធិសញ្ញាកំណត់ព្រំដែនសមុទ្រ; ការពិភាក្សាអំពីការអភិវឌ្ឍ និងចែករំលែកធនធានដោយសមធម៌ ប្រសិនបើការកំណត់ព្រំដែនមិនទាន់អាចសម្រេចបាន; និងការប្រើរបាយការណ៍និងអនុសាសន៍របស់គណៈកម្មការ ជាមូលដ្ឋានសម្រាប់ការចរចាបន្ត ប្រសិនបើភាគីទាំងពីរនៅតែមិនអាចរកកិច្ចព្រមព្រៀង។

នេះអាចផ្តល់ឱ្យកម្ពុជា ប្រៀបផ្នែកជំហរចរចា និងភាពជឿជាក់ នៅដំណាក់កាលដំបូង ប៉ុន្តែមិនទាន់ជាប្រៀបផ្លូវច្បាប់លើខ្សែព្រំដែនសមុទ្រទាំងស្រុងនោះទេ។

ដូច្នេះ សំណួរថា «អ្នកណានិយាយខ្លាំងជាងនៅថ្ងៃដំបូង?» មិនមែនជាសំណួរសំខាន់បំផុតទេ។ សំណួរដែលសំខាន់ជាងនេះគឺ៖ នៅពេលគណៈកម្មការចាប់ផ្តើមពិនិត្យជំហររបស់ភាគីទាំងពីរ តើអ្នកណាអាចបង្ហាញអង្គហេតុ និងច្បាប់បានគួរឱ្យជឿជាក់ជាង ហើយអ្នកណាអាចផ្តល់ផ្លូវដែលមានលទ្ធភាពនាំវិវាទចេញពីភាពជាប់គាំងបាន?

ហេតុនេះ សម្រាប់ថ្ងៃបើក ការនិយាយទន់របស់កម្ពុជា មិនគួរ ត្រូវបានយល់ថាជាភាពទន់ខ្សោយឡើយ។ វាជាយុទ្ធសាស្ត្រដែលសមស្របនឹងវេទិកាផ្សះផ្សា—ប៉ុន្តែតម្លៃរបស់យុទ្ធសាស្ត្រនេះ នឹងត្រូវវាស់ដោយគុណភាពនៃភស្តុតាង និងច្បាប់ដែលកម្ពុជាដាក់បង្ហាញបន្ត។

ព្រោះនៅក្នុងវេទិកាផ្សះផ្សាក្រោម UNCLOS៖ «អ្នកនិយាយខ្លាំងជាង មិនមានន័យថាមានប្រៀបជាងទេ។ អ្នកដែលអាចធ្វើឱ្យអង្គហេតុ ភស្តុតាង និងច្បាប់និយាយជំនួសខ្លួន ទើបអាចមានប្រៀបនៅចុងផ្លូវ»៕