បណ្ណកម្មសិទ្ធិដីធ្លីចំនួន ៧៧៣ក្បាលដី មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ នឹងប្រគល់ជូនអាជ្ញាធរខណ្ឌសង្កាត់ យកជូនប្រជាពលរដ្ឋដល់ផ្ទះ
15-09-2026 16:57
(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានបញ្ជាក់ពីការប្រគល់បណ្ណកម្មសិទ្ធិដីធ្លីលើកលែងពន្ធប្រថាប់ត្រា ក្នុងរង្វង់ញ្ញាតិ (អំណោយលើកទី១) ចំនួន ៧៧៣ក្បាលដី (បានប្រថាប់ត្រារួចជាមួយពន្ធដារ) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋមិនទាន់មកទទួលយកពីរដ្ឋបាលសុរិយោដី ជូនទៅអាជ្ញាធរខណ្ឌសង្កាត់ យកជូនដល់ខ្នងផ្ទះពលរដ្ឋតែម្តង។
លោក សារិន វណ្ណា បានបញ្ជាក់ដូចនេះថា «ដោយយោងលើការលើកលែងពន្ធប្រថាប់ត្រា ស្មើសូន្យ ក្នុងរង្វង់ញ្ញាតិ (អំណោយលើកទី១) ចំនួន ៧៧៣ក្បាលដី (បានប្រថាប់ត្រារួចជាមួយពន្ធដារ) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបងប្អូនប្រជាពលរដ្ឋមិនទាន់មកទទួលយកកម្មសិទ្ឋិ ពីរដ្ឋបាលសុរិយោដី ដូចនេះមន្ទីររៀបចំដែនដី និងធ្វើការផ្តល់ជូនតាមរយៈលោក លោកស្រី អភិបាលខណ្ឌ ភូមិបាលខណ្ឌ ពិសេសលោក លោកស្រី ចៅសង្កាត់ ដល់ខ្នងផ្ទះតែម្តង។ សូមទទួលដោយក្តីរីករាយ នៅជំហ៊ានទី១»៕


