FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌសែនសុខ អំពាវនាវពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ចូលរួមថែរក្សាអណ្តូងលូនៅមុខផ្ទះ ដោយមិនត្រូវបិទ ឬលុបបិទមាត់លូ អណ្តូងលូ

15-09-2026 15:32

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌសែនសុខ ចូលរួមថែរក្សាអណ្តូងលូនៅមុខផ្ទះរៀងៗខ្លួន ដោយមិនត្រូវធ្វើការបិទ ឬលុប ដោយគ្មានការអនុញ្ញាតពីមន្ត្រីជំនាញឡើយ។ ជាពិសេសនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ សូមចូលរួមកាយសម្រាមដែលរាំងស្ទះនៅមុខអណ្តូងលូ ដើម្បីរួមចំណែកជួយសម្រួលឱ្យទឹកហូរបានលឿន បញ្ចៀសការលិចលង់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។

គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃហើយ ដាក់រថយន្ត និងគ្រឿងចក្រ ធ្វើការបើកគម្របអណ្តូងលូ បូមស្តារសម្អាតដី និងសំរាមតាមអណ្តូងលូ និងប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវចូលវត្តសំរោងអណ្តែត ស្ថិតក្នុងភូមិក្រុងថ្មី ផ្លូវតាជោត ស្ថិតក្នុងភូមិរោងចក្រ និងកំណាត់វិថីលេខ១០១៩ ក្នុងសង្កាត់គោកឃ្លាង ដើម្បីសម្រួលលំហូរទឹកឱ្យហូរបានលឿនបញ្ចៀសការលិចលង់។

ជាមួយការងារស្តារសម្អាតនេះ ក្រុមការងាររដ្ឋបាលខណ្ឌបានរកឃើញពីមូលហេតុ នៃការកកស្ទះទឹកនាំឱ្យហូរយឺតយ៉ាវនៅតំបន់ភូមិទ្រង់ថ្មី ដោយប្រជាពលរដ្ឋមួយចំនួនបានកែអណ្តូងលូទឹកភ្លៀងឱ្យតូច បាត់អណ្តូងហូរចូល កន្លែងខ្លះចាក់ចូលលូ និងអណ្តូងលូជាច្រើន បានចាក់បេតុងលុបជាមធ្យមកន្លះម៉ែត្រ នៅតាមបណ្តោយផ្លូវចូលភូមិក្រុងថ្មីនេះ ដែលជាហេតុនាំឱ្យមានការកកស្ទះ និងហូរទឹកយឺតយ៉ាវ និងមានការលិចនៅពេលដែលមានភ្លៀងខ្លាំងម្តងៗ ហើយបច្ចុប្បន្ននេះរដ្ឋបាលខណ្ឌសែនសុខ បាននិងកំពុងធ្វើការកាយរុករកអណ្តូង ដើម្បីរៀបចំឡើងវិញ៕