ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ មេបញ្ជាការ នៃបញ្ជាការដ្ឋានការពារគោលដៅ ក្រសួងសន្តិសុខសាធារណៈឡាវ
15-09-2026 15:24
(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ប្រធាននាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ត្រី ចាន់ថន កែវម៉ានីវង្ស មេបញ្ជាការ នៃបញ្ជាការដ្ឋានការពារគោលដៅ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវ និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ប្រតិភូបញ្ជាការដ្ឋានការពារគោលដៅ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព និងវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសន្តិសុខ សាធារណៈ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និងក្រសួងមហាផ្ទៃ ដែលបានដាក់បញ្ចូលស្ថាប័នការពារគោលដៅ នៃប្រទេសទាំងពីរ ចូលក្នុងកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំឆ្នាំ២០២៦។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ចាន់ថន កែវម៉ានីវង្ស មេបញ្ជាការ នៃបញ្ជាការដ្ឋានការពារគោលដៅ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ នាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឲ្យភាគីទាំងពីរមានឱកាសជួបពិភាក្សាការងារ ផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក។
លោកឧត្តមសេនីយ៍ត្រី ចាន់ថន កែវម៉ានីវង្ស ក៏បានលើកឡើងអំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់បញ្ជាការដ្ឋានការពារគោលដៅ ដែលបានចូលរួមចំណែកការពារនៅតាមគោលដៅសំខាន់ដែលកំណត់ដោយច្បាប់ ក្នុងការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងសង្គម។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានគូសបញ្ជាក់ថា នាយកដ្ឋាននគរបាលការពារ បច្ចុប្បន្ននេះ មានគោលដៅការពារសរុបចំនួន១០៦គោលដៅ៖ ស្ថានទូតចំនួន២៧ និវេសនដ្ឋាន ឯកអគ្គរដ្ឋទូត-រាជទូតចំនួន១២ ស្ថាប័នរដ្ឋចំនួន៦០ ភូមិគ្រឹះថ្នាក់ដឹកនាំ-គោលដៅវប្បធម៌ចំនួន៧ រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។
បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា, ក្រៅពីការអនុវត្តតួនាទីភារកិច្ចការពារគោលដៅប្រកបដោយសន្តិសុខ សុវត្ថិភាព នាយកដ្ឋាននគរបាលការពារ ក៏បានចូលរួមការងារសំខាន់ៗ នានាដែលថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ ប្រគល់ឲ្យដូចជា៖
* ក្រុមប្រតិបត្តិការទប់ស្កាត់ បង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAM ONLINE)
* ក្រុមប្រតិបត្តិការបង្ក្រាបទីតាំងផលិត និងចែកចាយបារីក្លែងក្លាយ
* ក្រុមប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះគ្រាប់រំសេវ និងគ្រឿងញៀនខុសច្បាប់
* ត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បាតុកម្ម កុបកម្ម និងការបង្កចលាចលខុសច្បាប់នានា។
ជាចុងក្រោយ ភាគីទាំងពីរឯកភាពរួមគ្នា ក្នុងការបន្ដផ្លាស់ប្ដូរបទពិសោធន៍ការងារជាមួយគ្នាទៅវិញទៅមកជាបន្ដបន្ទាប់ ដើម្បីរួមចំណែការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព៕
























