រដ្ឋមន្រ្តី ហួត ហាក់៖ «ភាពស្អាត» ជាផ្នែកនៃគុណភាពផលិតផលទេសចរណ៍ និងជាកត្តាប្រកួតប្រជែងដ៏សំខាន់
15-09-2026 15:20
(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «យុទ្ធនាការសម្អាតឆ្នេរដើម្បីលើកកម្ពស់ទេសចរណ៍តាមឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក» ក្រោមពាក្យស្លោក «ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ»។ យុទ្ធនាការសម្អាតឆ្នេរជាយុទ្ធនាការមួយដ៏មានសារៈសំខាន់ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ អភិរក្សបរិស្ថាន ធនធានធម្មជាតិនៅក្នុងសមុទ្រ ចូលរួមរក្សាបាននូវសោភណភាព សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ច សង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, លោក អេនរីកូ ហ្គាវេលីយ៉ា (Mr. Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា (UNDP), ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ, លោក លោកស្រីប្រតិបត្តិករទេសចរណ៍ ព្រមទាំងប្អូនៗ ក្មួយៗ សិស្សានុសិស្ស, យុវជនស.ស.យ.ក., យុវជនកាយឬទ្ធិ, អ.ម.ត., និងពូ មីង បងប្អូនអ្នកសម្អាតទាំងអស់ សរុបប្រមាណ ៣០០នាក់។
ថ្លែងនាឱកាសនេះ រដ្ឋមន្រ្តី ហួត ហាក់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាជាច្រើន ដែលកើតចេញពីការដឹកនាំរបស់អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានបន្តមកពីអតីតអភិបាលខេត្តព្រះសីហនុគ្រប់ជំនាន់ រួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ, ក្រុមប្រឹក្សាខេត្ត, មន្ទីរពាក់ព័ន្ធជុំវិញ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុដែលជាខេត្តតំបន់ឆ្នេរ (K4) ដ៏ល្អឯក នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យទេសចរណ៍។
ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានលើកឡើងថា តំបន់ឆ្នេរសមុទ្រកម្ពុជារបស់យើងសម្បូរទៅដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងធនធានទេសចរណ៍ដ៏មានតម្លៃ រួមមាន កោះតូចធំជាច្រើន ទឹកសមុទ្រថ្លាឈ្វេង ឆ្នេរខ្សាច់សក្បុស ព្រៃកោងកាង ផ្កាថ្ម និងជីវចម្រុះសមុទ្រដ៏សម្បូរបែប។ សម្បត្តិធម្មជាតិដ៏វិសេសវិសាលទាំងនេះ មិនត្រឹមតែមានតម្លៃខ្ពស់ផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានផងដែរ។ ទាំងនេះ គឺជាគុណតម្លៃដ៏មហាសាលនៃសមុទ្រកម្ពុជា ដែលជាធនធានធម្មជាតិដ៏មានតម្លៃ និងជាផលិតផលទេសចរណ៍ប្រកបដោយសក្តានុពលខ្ពស់ ស័ក្តិសមនឹងកិត្តនាមជា «តារារះនាទិសនរតី»។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបន្តថា កំណើននៃសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ ក៏អាចនាំមកជាមួយនូវបញ្ហាប្រឈមផ្នែកបរិស្ថានមួយចំនួនផងដែរ ក្នុងនោះ បញ្ហាសំណល់ប្លាស្ទិក គឺជាបញ្ហាមួយដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងចូលរួមដោះស្រាយជាបន្ទាន់។ ភ្ញៀវទេសចរម្នាក់អាចជ្រើសរើសមកកាន់គោលដៅទេសចរណ៍នៅតំបន់ឆ្នេររបស់យើង ដោយសាររូបភាពឆ្នេរស្អាត ទឹកសមុទ្រថ្លា និងធម្មជាតិបៃតង។ ប៉ុន្តែភ្ញៀវក៏អាចមិនត្រឡប់មកវិញ ប្រសិនបើពួកគាត់បានឃើញសំរាមរាយប៉ាយ អនាម័យមិនល្អ ឬបរិស្ថានត្រូវបានបំផ្លាញ។
រដ្ឋមន្រ្តី ហួត ហាក់ បានបន្ថែមថា ការរក្សាឆ្នេរ និងសមុទ្រឱ្យបានស្អាតគឺជាការរក្សាមុខមាត់របស់កម្ពុជា។ ជាក់ស្តែង យុទ្ធនាការនាថ្ងៃនេះ មិនមែនគ្រាន់តែជាការជួបជុំគ្នាដើម្បីប្រមូលសំរាម ឬសម្អាតឆ្នេរក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការបំផុសស្មារតី បង្កើនការយល់ដឹង និងជំរុញការផ្លាស់ប្តូរឥរិយាបថនៅក្នុងសង្គម។ ការរួមគ្នាធ្វើឱ្យសកម្មភាពនៅថ្ងៃនេះ ក្លាយជាសារមួយដ៏មានឥទ្ធិពលថា៖ ការផ្លាស់ប្តូរឥរិយាបថ ចាប់ផ្តើមពីមនុស្សម្នាក់ៗ, ចាប់ផ្តើមពីសកម្មភាពតូចៗ, និងចាប់ផ្តើមពីថ្ងៃនេះតទៅ៕















