កីឡដ្ឋានស្តង់ដារ «កងវ៉ា» ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
15-09-2026 14:14
(បន្ទាយមានជ័យ)៖ កីឡដ្ឋានលក្ខណៈស្តង់ដារ «កងវ៉ា» ដែលជាកីឡាដ្ឋានតែមួយគត់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមលើកកម្ពស់ និងបម្រើដល់វិស័យកីឡានៅកម្ពុជា។
ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមកីឡាបាល់ទាត់មហាជនជាច្រើនរូប។
កីឡដ្ឋាន «កងវ៉ា» ដែលមានទីតាំងស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មិនត្រឹមតែជាទីតាំងសម្រាប់រៀបចំការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះដ៏រឹងមាំ និងជាបេះដូងនៃការអភិវឌ្ឍវិស័យកីឡាក្នុងខេត្ត និងរួមចំណែកដល់ប្រទេសជាតិទាំងមូល។
លោក អ៊ុំ រាត្រី បានចាត់ទុកថា ទីលាននេះមានលក្ខណៈស្តង់ដារសម្រាប់ទទួលព្រឹត្តិការណ៍ប្រកួតធំៗ មានកន្លែងសម្រាប់ទស្សនិកជនអង្គុយទស្សនាបានយ៉ាងងាយស្រួល ព្រមទាំងមានកន្លែងចតរថយន្ត និងទីតាំងធំទូលាយ។
សមិទ្ធផលថ្មីនេះ នឹងជួយបង្កើនសមត្ថភាព និងការហ្វឹកហាត់កម្រិតស្តង់ដារដល់កីឡាករ-កីឡាការិនី ដោយមានឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលជាទីតាំងហ្វឹកហាត់ប្រកបដោយសុវត្ថិភាព និងស្តង់ដារអន្តរជាតិ។ ការកសាងកីឡាដ្ឋានទំនើបៗ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡាជាតិឱ្យឈានទៅមុខមួយកម្រិតទៀត ជាពិសេសបន្ទាប់ពីជោគជ័យជាប្រវត្តិសាស្ត្រនៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កន្លងមក។
ដើម្បីបន្តលើកកម្ពស់វិស័យកីឡា អភិបាលខេត្ត ក៏បានជំរុញឱ្យមានការលេងកីឡានៅតាមគ្រឹះស្ថានសិក្សា និងស្ថាប័ននានា ព្រមទាំងបន្តបង្កើតកម្មវិធីកីឡាក្រៅម៉ោងសិក្សា និងការប្រកួតកម្រិតសាលាឱ្យបានញឹកញាប់ ដើម្បីបណ្ដុះបណ្ដាលទម្លាប់លេងកីឡាតាំងពីវ័យកុមារ និងស្វែងរកធនធានកីឡាករជំនាន់ក្រោយប្រកបដោយសមត្ថភាព។
កីឡដ្ឋាន «កងវ៉ា» នេះ គឺជាកម្លាំងចលកររួមមួយដើម្បីកិត្តិយសជាតិ និងជាសក្ខីភាពនៃការបោះជំហានយ៉ាងស្វាហាប់របស់វិស័យកីឡាកម្ពុជា៕

















































