FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ឧបត្ថម្ភថវិកាមួយចំនួនដល់ស្ត្រីមានផ្ទៃពោះគ្រប់ខែ ដែលសម្រាលកូននៅមន្ទីរពេទ្យជប៉ុន

15-09-2026 12:55

(កណ្ដាល)៖ បន្ទាប់ពីបានឃើញព័ត៌មានពីទុក្ខលំបាករបស់គ្រួសារប្តីប្រពន្ធមួយគូ ដែលសុទ្ធតែជាកូនកំព្រា កំពុងជួបវិបត្តិខ្វះខាត ខណៈប្រពន្ធមានផ្ទៃពោះគ្រប់ខែ និងត្រូវវះកាត់សម្រាលកូនជាបន្ទាន់ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្តែងក្តីអាណិតអាសូរ និងចូលរួមឧបត្ថម្ភថវិកាចំនួន ៨០ម៉ឺនរៀល ដល់ស្ត្រីមានផ្ទៃពោះរូបនេះ។

ការឧបត្ថម្ភនេះធ្វើឡើងក្រោយលោកឧត្តមសេនីយ៍ទោ បានឃើញព័ត៌មានដែលបានផ្សព្វផ្សាយអំពីស្ថានភាពលំបាករបស់គ្រួសារខាងលើ ដែលរស់នៅភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ស្ត្រីជាប្រពន្ធមានផ្ទៃពោះគ្រប់ខែ ខណៈប្តីប្រកបការងារសំណង់ និងត្រូវបានមេការមិនទាន់បើកប្រាក់ឈ្នួល បណ្តាលឱ្យគ្រួសារជួបការខ្វះខាតយ៉ាងខ្លាំង រហូតមិនមានលទ្ធភាពបង់ថ្លៃផ្ទះជួល ខណៈផ្ទះជួលក៏ជួបបញ្ហាលិចទឹកផងដែរ។

មុននេះ លោក ខាត់ ស្ដង់ដា (Admin ខាត់ ស្ដង់ដា) និងលោក សួស កុសល បាននាំយកថវិកាចំនួន ៧២០,០០០រៀល អង្ករ២បាវ មី២កេស និងទឹកសុទ្ធ២កេស ទៅជួយគ្រួសារនេះក្នុងពេលកំពុងជួបការលំបាក។បច្ចុប្បន្ន ស្ត្រីមានផ្ទៃពោះរូបនេះបានមកដល់ មន្ទីរពេទ្យជប៉ុន ហើយ ដើម្បីត្រៀមវះកាត់សម្រាលកូន ខណៈស្វាមីនៅក្បែររង់ចាំដោយក្តីបារម្ភ និងសង្ឃឹមថា ប្រពន្ធនិងកូននឹងមានសុវត្ថិភាព។

សកម្មភាពរបស់លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត គឺជាការចូលរួមចែករំលែកទុក្ខលំបាក និងផ្តល់កម្លាំងចិត្តដល់គ្រួសារដែលកំពុងជួបវិបត្តិ ជាពិសេសនៅពេលដែលម្តាយកំពុងឈានដល់ពេលវេលាសំខាន់ បំផុតក្នុងការសម្រាលកូន ៨០ម៉ឺនរៀលអាចមិនមែនជាចំនួនធំសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែសម្រាប់គ្រួសារកំពុងខ្វះខាតមួយនេះ វាជាក្តីសង្ឃឹម និងកម្លាំងចិត្តដ៏មានតម្លៃនៅក្នុងគ្រាដ៏លំបាក៕