FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអនាម័យកុមារា (ខតាន់) ចំនួន៣០០នាក់ នៅខណ្ឌឫស្សីកែវ

15-09-2026 12:16

(ភ្នំពេញ)៖ លោក ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអនាម័យកុមារា (កាត់ស្បែកចុងលិង្គ-ខតាន់)ចំនួន៣០០នាក់ ដែលបានប្រព្រឹត្តទៅនៅស៊ូរ៉ាវអាល់អឹកពើរ (អតីតម៉ាស្ជិទអាល់អឹកពើរ) ស្ថិតក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកាព្រឹទ្ធសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខណ្ឌ ព្រមទាំងលោកអភិបាលខណ្ឌឫស្សីកែវ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ណាសៀត អូស្មាន បានលើកឡើងថា ការរៀបចំកម្មវិធីអនាម័យកុមារា (ខតាន់) នាពេលនេះ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចតាមក្បួនខ្នាតសាសនាឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគិតគូរយ៉ាងយកចិត្តទុកដាក់ដល់សុខុមាលភាព និងអនាម័យផ្ទាល់ខ្លួនរបស់កុមារ ដើម្បីជៀសវាងនូវជំងឺផ្សេងៗ ស្របតាមបច្ចេកទេសវេជ្ជសាស្ត្រទំនើបផងដែរ។

លោកបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី ព្រមទាំងក្រុមការងារគ្លីនិក វេជ្ជបណ្ឌិត ម៉ើត ឌល់សេត ដែលបានលះបង់ពេលវេលា និងធនធាន ក្នុងការធ្វើសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់ នាពេលនេះ។

ទន្ទឹមនឹងនេះ លោកក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ដោយដាក់ចេញគោលនយោបាយការគ្របដណ្តប់សុខភាពជាសាកលដែលមិនទុកចោលប្រជាពលរដ្ឋម្នាក់ឡើយ។

នៅថ្ងៃស្អែកទី១៥ ខែកញ្ញានេះ លោក ណាសៀត អូស្មាន នឹងបន្តអញ្ជើញជាអធិបតីភាពក្នុងពិធីអនាម័យកុមារា (កាត់ស្បែកចុងលិង្គ-ខតាន់) នៅភូមិឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាលផងដែរ៕