FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកបាទី ចុះបង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញខុសច្បាប់មួយកន្លែង

15-09-2026 12:15

(តាកែវ)៖ អភិបាលស្រុកបាទី ខេត្តតាកែវ លោក សាយ វណ្ណៈ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងជល់មាន់តាមអនឡាញខុសច្បាប់មួយកន្លែង ស្ថិតក្នុងស្ដុក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីលោកអភិបាលស្រុកបានទទួលព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ដែលបងប្អូនរបស់គាត់បានចាញ់ល្បែងអស់ជិត ១ម៉ឺនដុល្លារនៅទីតាំងខាងលើ។ ទោះបីជាមានការណែនាំឱ្យឈប់ក៏ដោយ ក៏អ្នកលេងល្បែងរូបនោះនៅតែបន្តលេង ទើបឈានដល់ការរាយការណ៍ជូនអាជ្ញាធរដើម្បីចាត់វិធានការ។

ក្នុងប្រតិបត្តិការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈកុំព្យូទ័រមួយចំនួន និងម៉ូតូរបស់អ្នកលេងល្បែងផងដែរ។ ដោយឡែក ប្រជាពលរដ្ឋដែលមកលេងល្បែងបានរត់គេចខ្លួនអស់។ លោកអភិបាលស្រុកបានបញ្ជាក់ថា អាជ្ញាធរនឹងកោះហៅពួកគាត់ឱ្យមកយកម៉ូតូវិញ និងធ្វើការអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់លេងល្បែងស៊ីសងតទៅទៀត ដោយមានសាច់ញាតិមកធ្វើជាសាក្សីដឹងឮ។

ចំពោះម្ចាស់ទីតាំង ក៏ត្រូវបានអប់រំណែនាំឱ្យបញ្ឈប់ការជួលទីតាំងឱ្យក្រុមហ៊ុនល្បែងផងដែរ ហើយប្រសិនបើបន្តជួលតទៅទៀត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

លោក សាយ វណ្ណៈ បានសង្កត់ធ្ងន់ថា ក្នុងរាល់កិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក លោកតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យពិនិត្យ និងតាមដានកុំឱ្យកើតមានល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន។ អាជ្ញាធរមូលដ្ឋានត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅធានានូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕