លោកស្រីបណ្ឌិត ជា សិរី សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត សិស្សប្រឡងបាក់ឌុប នៅស្រុកសន្ទុក
15-09-2026 11:12
(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៥-២០២៦ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងជំនួបនោះ លោកជំទាវទេសាភិបាលបានអបអរសាទរ និងលើកសសើរចំពោះសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា រហូតសម្រេចបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះស្រុកសន្ទុកមានសិស្សចំនួន៤រូប បានទទួលនិទ្ទេស A ផងដែរ។
លោកស្រីបណ្ឌិតបានផ្តាំផ្ញើឱ្យសិស្សានុសិស្ស ជ្រើសរើសជំនាញសិក្សាដោយឈរលើសមត្ថភាព និងក្តីស្រឡាញ់ ពិតប្រាកដរបស់ខ្លួន ស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ល្អ ព្រមទាំងគោរពដឹងគុណ មាតាបិតា និងលោកគ្រូ-អ្នកគ្រូ។
លោកស្រីបណ្ឌិតក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមិនទាន់សម្រេចបានលទ្ធផល តាមការរំពឹងទុក សូមបន្តខិតខំរៀនសូត្រ និងត្រៀមខ្លួនឱ្យបានល្អជាងមុន ដើម្បីឈានទៅរកជោគជ័យនាពេលខាងមុខ។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ខេត្តកំពង់ធំ មានសិស្សានុសិស្សចូល រួមប្រឡងសរុបចំនួន ៥.៨៨៣ រូប (ស្រី ៣.៤០៩ រូប) ក្នុងនោះបេក្ខជនប្រឡងមកពីវិទ្យាល័យក្នុងស្រុកសន្ទុក មានចំនួន ៦៦៥ រូប និងបានប្រឡងជាប់ជាស្ថាពរមានចំនួន ៥៩៣រូប៕















